បាត់ដំបងៈ លោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីហិង្សា បន្ទាប់ពីបានទាញកាំបិតកាប់ទៅក្មេងប្រុសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង២០នាទីយប់ ស្ថិតលើផ្លូវ៥៧B នៅក្នុងភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ស៊ុ ប៊ុនឈេត ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិតាកយ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែកជនសង្ស័យទី១ឈ្មោះ គឹង រាត្រី ភេទប្រុស អាយុ១៨ឆ្នាំ(ជនដៃដល់) រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង និង២ឈ្មោះ ទុយ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ(ជាអ្នកឌុប) រស់នៅភូមកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស៊េរី២០១៦ ក៏ប្រទះឃើញជនរងគ្រោះ កំពុងជិះម៉ូតូដើលេងម្នាក់ឯង ក៏បានយកកាំបិតទៅកាប់ បណ្តាលឲ្យរងរបួសត្រង់ថ្ងាស់ខាងមុខ។ ចំណែកជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ កម្លាំងជំនាញបានកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងកាំបិតសាំម៉ូរៃ នាំមកអធិការនគរបាលស្រុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់