ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយប្ដីប្រពន្ធ២នាក់ បានបត់ឆ្លងផ្លូវមិនប្រយត្ន័ ជ្រុលទៅបុកម៉ូតូឌ្រីមសង់ បើកដោយបុរសចំណាស់ជិះឌុបប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ២ ម្តុំរោងចក្របារីសេក ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្ដីប្រពន្ធ២នាក់ បើករថយន្តស៊េរីទំនើប បង្កម៉ាក Hilux Revo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-7252 បើកក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ដោយខ្វះការប្រយត្ន័ ជ្រុលទៅបុកម៉ូតូឌ្រីមសង់សេរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-9171 ដែលបើកដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរនិងប្រពន្ធ ពីត្បូងទៅជើងចំហៀងខាងមុខពេលទំហឹង បណ្ដាលឲ្យផ្លោងបុរសនោះរងរបួសសន្លប់ធំមួយសន្ទុះ ហើយក្រោយពីបង្កគ្រោះថ្នាក់ហើយនោះ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់ត្រូវបានបងប្អូនសាច់ញាតិដែលឃើញហេតុការណ៍ ដេញចាប់បានរថយន្តព្រមទាំងម្ចាស់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុបានឲ្យជនរងគ្រោះឡើងរថយន្តបងប្អូនទៅសង្គ្រោះ។ ចំណែកសាច់ញាតិម្នាក់ទៀត បានសម្របសម្រួលគ្នាដោយខាងរងគ្រោះទារសំណង៦០០ដុល្លារ ម្ចាស់រថយន្តឲ្យបានត្រឹម៣០០ដុល្លារតែប៉ុនណោះ ដោយដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចសម្រេចយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត។
មតិយោបល់