ភ្នំពេញៈ ជនជាតិបរទេសម្នាក់ បើកម៉ូតូឌូកលឿនដូចហោះ ខណៈមកដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ បណ្ដាលឲ្យដាច់ជា២ និងរងរបួសទាំង២នាក់ ហើយភ្លាមៗនោះម៉ូតូឌ្រីមសង់ ត្រូវឆ្លងចរន្តឆេះផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍ទៀតផង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣0នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវ១៩៩ កែងនិងផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត គេឃើញជនជាតិបរទេស បើកម៉ូតូឌូក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1FW-9450 បើកពីត្បូងទៅជើងល្បឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-5222 បើកដោយបុរសម្នាក់ពីកើតទៅលិចពេញទំហឹង បណ្ដាលម៉ូតូឌ្រីមសង់ដាច់ជា២រងរបួសធ្ងន់ទាំង២នាក់ ហើយឆ្លងចរន្តឆេះហុយទ្រលោមតែម្តង ត្រូវបានបងប្អូនយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ទើបរលត់។
ក្រោយកើតហេតុ អ្នករងរបួសទាំង២នាក់ ត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន រង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់