ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានបុរស២នាក់ បានជិះម៉ូតូ២គ្រឿងផ្សេងគ្នា ទៅបុកពីក្រោយគូទរថយន្តក្រុមហ៊ុន រាជសីហ៍ឡូជីស្ទីក ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗជាបន្តបន្ទាប់។
ករណីនេះកើតឡើងនៅម៉ោង១០និង១០នាទីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងខណៈដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ចំណុះ២តោនកន្លះ ដឹកទំនិញពេញ ពាក់ស្លាកលេខ កំពង់ចាម 3A-041០ របស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទីក RSC77 បានបើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏ខូចរថយន្ត ទើបឈប់ជួសជុលនៅលើចិញ្ចើមផ្លូវ ដោយមិនបានដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវនោះទេ លុះមួយសន្ទុះក្រោយមកស្រាប់តែមានម៉ូតូ២គ្រឿង ទី១ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L-8104 ជិះដោយឈ្មោះ អ៊ុក សីមុន្នី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិពោធិ៍ ឃុំគៀ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបើកមកបុករថយន្តចំពីក្រោយបណ្តាលឲ្យស្លាប់មួយរំពេច លុះរំលងបានបន្តិច ស្រាប់តែមានម៉ូតូគ្រឿងទៀតម៉ាក ស៊ុយសាគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-1463 ជិះដោយឈ្មោះ ជួន ថុល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានមកបុករថយន្តនេះបន្តទៀត បណ្តាលឲ្យស្លាប់ម្នាក់ទៀតតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្ត និងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/H4JcDX7kxPA
មតិយោបល់