ភ្នំពេញៈ មិនដូចជាជនជាប់ចោទដទៃទេ ស្ត្រីជាជាប់ចោទឈ្មោះ គឹម ចាន់ស្នូរ ដែលជាប់ចោទពីបទ ចេញសែកគ្មានសាច់ប្រាក់ ត្រូវបានមន្ត្រីពន្ធនាគារព្រៃ ស ម២ បញ្ជូនទៅកាន់តុលាការ ដោយមានសម្លៀកបំពាក់ ខុសពីជនជាប់ចោទដទៃដែលពន្ធនាគារបានកំណត់ ហើយជិះរថយន្តទំនើប និងដាច់ដោយឡែកពីគេឯង។
អ្វីដែលកាន់តែពិសេសទៅទៀតនោះស្ត្រីជនជាប់ចោទឈ្មោះ គឹម ចាន់ស្នូរ ដែលគេដឹងថា មានដើមកំណើត ជាជនជាតិវៀតណាមរូបនេះ មានឱកាសប្រើប្រាស់ទូរសព្ទដៃ ស្មាតហ្វូន សេរីទំនើប ម៉ាក iPhone 7Plus ពណ៌ខ្មៅ ជាលក្ខណៈផ្ទាល់ខ្លួនទុកសម្រាប់ទាក់ទងសាច់ញាតិ និងលេងហ្វេសប៊ុក កំដរ ភាពអផ្សុក នៅខាងក្រៅបន្ទប់ជនជាប់ចោទ ខណៈកំពុងរងចាំតុលាការ បើកសវនាការគាត់ទោសរូបនាង។
ពាក់ព័ន្ធករណី ដែលមន្ត្រីពន្ធនាគារ ព្រៃ ស ម២ អនុញ្ញាត ឱ្យជនជាប់ចោទប្រើប្រាស់ ទូរសព្ទទំនើប ផ្ទាល់ខ្លួនបែបនេះ លោកឧត្តមសេនីយ៍ត្រី សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់តាម Telegram ថា ជាគោលការណ៍ បទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ គឺមិនអនុញ្ញាតឱ្យជនជាប់ឃុំប្រើប្រាស់ ទូរសព្ទផ្ទាល់ខ្លួនឡើយ ដោយជនជាប់ឃុំ មានសិទ្ធិប្រើប្រាស់ទូរសព្ទ អចល័តដែលរៀបចំដោយ ពន្ធនាគារតែប៉ុណ្ណោះ ដូច្នេះបើមានការអនុញ្ញាតឱ្យជនជាប់ចោទប្រើទូរស័ព្ទដៃបែបនេះ ជាអំពើខុសពីបទបញ្ជាផ្ទៃក្នុងហើយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ កាត់ទោស ស្ត្រីជនជាប់ចោទឈ្មោះ គឹម ចាន់ស្នូរ ពាក់ព័ន្ធរឿងចេញសែកគ្មានសាច់ប្រាក់។
លោក ឡុង ជាប ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើឈ្មោះ គឹម ចាន់ស្នូរ ភេទស្រី អាយុ៣៥ ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ចឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្តិការទូទាត់សងប្រាក់។
នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ គឹម ចាន់ស្នូរ បានសារភាពថា ខ្លួនពិតជាបាន ចេញសែកគ្មានសាច់ប្រាក់ ឱ្យទៅដើមបណ្ដឹងឈ្មោះ ឯក សំណាង ចំនួន ៣សន្លឹក ដែលមាន ១សន្លឹក ជាង ៤ដុល្លារ ០១សន្លឹក ៥៥,០០០ដុល្លារ និង១សន្លឹក ៩ម៉ឺនដុល្លារ ដើម្បីតំកល់នៅពេលខ្លួនខ្ចីលុយ ដើមបណ្តឹងទៅរកស៊ីមែន។
ដោយឡែកលោក ទូច ធីរិទ្ធ មេធាវីការពារសិទ្ធជនជាបចោទ បានថ្លែងថា អ្វីដែលកូនក្តីលោក ជំពាក់ដើមបណ្តឹងគឺកូនក្តីលោកទទួលស្គាល់ ប៉ុន្តែអ្វីដែលតុលាការគួរកត់សម្គាល់គឺនីតិវិធីនៃការឃាត់ខ្លួនកូនក្តីលោក។
លោកថា ដើមបណ្តឹងបាន នាំបក្ខពួក ទៅឃាត់ខ្លួនកូនក្តីលោកដល់ក្នុងផ្ទះនៅបុរីប៉េងហួត ទុកមុខផ្សារប៉េសេ រួចដឹកកូនក្តីលោកយកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្ត ដោយគ្មានការបញ្ជាពីតុលាការ និងមាននគរបាលចូលរួមឡើយ។
លោកមេធាវី បន្ថែមថា នៅថ្ងៃឃាត់ខ្លួនកូនក្តីលោក ក្រុមដើមបណ្តឹងបាន ដឹកជញ្ជូនសម្ភារ មួយចំនួនធំ ទូរដែក និងគ្រឿងអលង្កា ចំនួន ៣រថយន្តកូរ៉េ ចេញពីផ្ទះកូនក្តីលោក។
ភ្លាមៗ ក្រុមដើមបណ្តឹងបាន ទៅកាន់កាប់ឃ្លាំងលក់ដែករបស់កូនក្តីលោក យកដែក រថយន្ត ស្ទូចចំនួន ៥គ្រឿង និងកាន់កាប់ឃ្លាំងនោះ ជាកម្មសិទ្ធិថែមទៀតផង។
ចំណែកលោកស្រី មាស ស៊ីថន ជាមេធាវីតំណាងឱ្យដើមបណ្តឹងឈ្មោះ ឯល សំណាង បានថ្លែងតបថា រឿងរឹបអូសសម្ភាររបស់ជនជាប់ចោទគឺធ្វើឡើងតាមដីកាសម្រេចរបស់តុលាការ និងអនុវត្តតាមនីតិវិធី។
លោកស្រី បានបញ្ជាក់ថា កូនក្តីលោកស្រី ប្តឹងទាមទារ ប្រាក់ដើមចំនួន សរុប ៤,៤៤២,៣៤១ ដុល្លារ និងសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ ពីជនជាប់ចោទ។
សូមបញ្ជាក់ថា ដោយសារតែពេលវេលាមិនអំណោយផល តុលាការបានសម្រេចលើកពេលទៅប្រកាសសាលក្រមសំណុំរឿងនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខវិញ៕
https://youtu.be/Lazy01fGOMw
មតិយោបល់