ភ្នំពេញៈ បុរសជនជាតិជប៉ុន២នាក់ បើករថយន្តលឿនពេក ដល់ផ្លូវបែកជាបួន មិនបង្អង់ ល្បឿនជ្រុលចង្កូតទៅបុករថយន្តជនជាតិចិន ជិះដោយមនុស្សប្រុសស្រី៥នាក់ ចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលស្ត្រីជនជាតិចិនម្នាក់ដែលមានផ្ទៃពោះរងរបួសធ្ងន់។ ចំណែកខាងរថយន្តជនជាតិជប៉ុនរងរបួសធ្ងន់ម្នាក់ផងដែរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ៣៣៤ ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិជប៉ុន២នាក់ បើករថយន្តមួយគ្រឿងម៉ាកRANGE ROVER ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-9807 បើកបរតាមបណ្តោយផ្លូវលេខ៦៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជា៤ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកឡិចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-D-9916 ជិះដោយមនុស្សប្រុសស្រីជនជាតិចិន៥នាក់ តាមបណ្តោយផ្លូវលេខ៣៣៤ ទិសដៅពីកើតទៅលិច ចំពាក់កណ្តាលផ្នែកខាងស្តាំ បណ្តាលឲ្យប៉ើងទៅប៉ះរនាំងដែកបាំងពទ្ធ័ជុំវិញការិយាល័យលក់ខុនដូរ បណ្តាលឲ្យបាក់អស់ពីផ្ទាំង និងរងរបួសស្ត្រីពោះធំជនជាតិចិនម្នាក់។ ចំណែករថយន្តខាងជនជាតិជប៉ុនរងរបួសបុរសម្នាក់ធ្ងន់ដូចគ្នា ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕
https://youtu.be/IDMLJHN0NsA
មតិយោបល់