ព័ត៌មានជាតិ

ហ្វតរ៉េនជ័រ ពន្លះបុកគូទកុងតឺន័រពីក្រោយ ខ្ទេចគ្មានសល់!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ្វតរ៉េនជ័រ បានបុកពីក្រោយរថយន្តកុងតឺន័រ ពេញទំហឹង បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង២និង២០នាទី ឈានចូលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាក ហ្វតរ៉េនជ័រ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AG-0885 ក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ២០១១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយក៏បានរេចង្កូតទៅបុកគូទរថយន្តម៉ាក VOLVO ពណ៌ស ជារថយន្តកុងតឺន័រ ស្លាកលេខ ភ្នំពេញ 3C-5718ឈប់ចតចោលនៅចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់