កណ្តាលៈ លោកមេប៉ុស្តិ៍ស៊ីធរ បានប្រាប់ Post News ថា មានករណីឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់យកទៅសាកសួរ ពាក់ពន្ធ័ករណីប្រើហិង្សាទៅលើកំណាន់ចិត្ត បណ្តាលឲ្យរបួស រួចបែកធ្លាយដល់រឿងចែកចាយគ្រឿងញៀនបន្ថែមទៀត។
ករណីនេះកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សឺម សើ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ចំណែកនារីរងគ្រោះជាកំណាន់ចិត្តជនសង្ស័យ មានអាយុ៣៣ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីហិង្សាខាងលើនេះ បណ្តាលមកពីភ្លើងប្រច័ណ្ឌ ហើយខណៈដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនោះ ស្រាប់តែមានបក្ខជនសង្ស័យផ្សេងទៀត ទូរសព្ទមកទិញគ្រឿងញៀនពីជនសង្ស័យខាងលើផងដែរ ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់