លោក Jack Ma មេធំក្រុមហ៊ុន Alibaba Group នៅថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងចំណាយលុយ ១០ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល ៣១៦លានដុល្លារអាមេរិក) ដើម្បីធ្វើការវិនិយោគនៅតៃវ៉ាន់ក្នុងការបង្កើតអាជីវកម្មថ្មី។
លោក Ma បាននិយាយថា សម្រាប់សហគ្រិនតៃវ៉ាន់ ដែលមានបំណងចង់បង្កើតអាជីវកម្មថ្មី អាចសហការជាមួយ Alibaba ដើម្បីឆ្ពោះទៅរកគោលដៅជោគជ័យ។ កាលពីចុងខែធ្នូ ឆ្នាំ ២០១៤ លោក Jack Ma បានថ្លែងនៅក្នុងវេទិកាមួយក្នុងទីក្រុងតៃប៉ិ ថា យុវជនវ័យក្មេងរបស់តៃវ៉ាន់ជាមនុស្សដែលមានទេសកោសល និងគំនិតច្នៃប្រឌិតខ្ពស់។ នៅក្នុងវេទិកានោះ លោក Ma ក៏បានបង្ហាញពាក្យស្លោកមួយឃ្លាផងដែរថា «ចង់ជោគជ័យឲ្យសហការជាមួយមនុស្សវ័យក្មេង ឬយុវជន ព្រោះថាពួកគេមិនមែននៅក្មេងរហូតនោះទេ គឺពួកគេនឹងរីកធំធាត់នៅពេលអនាគត»។
គួរបញ្ជាក់ផងដែរថា កាលពីដើម្បីឆ្នាំ ២០១៥ ក្រុមហ៊ុន Alibaba បានវិនិយោគ ១ពាន់លានដុល្លារហុងកុង (ប្រហែល ១២៩លានដុល្លារអាមេរិក) សម្រាប់ការវិនិយោគនៅក្នុងហុងកុង ដើម្បីបង្កើតអាជីវកម្មថ្មី៕
មតិយោបល់