ភ្នំពេញៈ ជនជាតិចិនម្នាក់ ត្រូវបានចោរឆក់ទូរសព្ទដៃមួយគ្រឿងម៉ាក Huawei កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេងទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ខណៈដែលជនជាតិចិនខាងលើនេះកំពុងដើរទេសចរណ៍។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសចិនខាងលើចេញបានដើរកាន់ទូរសព្ទដៃកំពុងតែនិយាយនៅម្តុំមុខវត្តទួលទំពូង ស្របពេលនោះក៏លេចមុខជនសង្សយ័ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌុក មិនចាំស្លាកលេខ បានជិះមកធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានត្រឹមតែដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលទំពូង១ប៉ុណ្ណោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចោរឆក់ទូរសព្ទដៃខាងលើមានឈ្មោះGI Ping អាយុ៣៥ឆ្នាំ ជាភ្ញៀវទេសចរណ៍។
គួររំលឹកផងដែរថា នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខសារមន្ទីរទួលស្លែង នៅសង្កាត់អូឡាំពិក ខណ្ឌចំការមន ក៏មានករណីឆក់ទូរសព្ទដៃម៉ាកIphone7plusពីជនជាតិចិនប្រុសស្រីដូចគ្នាផងដែរ៕
https://youtu.be/IwFrnc4pSN0
មតិយោបល់