ភ្នំពេញៈ យុវជនម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងបង្គន់ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣៥នាទីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនបុកគ្រឹះ លក់និងជួលគ្រឿងចក្រគ្រប់ប្រភេទ យីហោ « អ៊ី ស៊ី អឹម» ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
តាមស្រ្តីជាម្ដាយមីង បានឲ្យដឹងថា យុវជនម្នាក់នោះ ឈ្មោះ ឡន ស៊ីម អាយុ ១៨ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ និងមានស្រុកកំណើតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវជាក្មួយប្រុសរបស់គាត់ និងជាកម្មករបុកគ្រឹះ ក្នុងក្រុមហ៊ុនខាងលើ ហើយការចងកសម្លាប់ខ្លួននេះ គឺបណ្ដាលមកពីរូបគេមានវិបត្តិស្នេហា។
ប្រភពដដែរបានបន្តថា កន្លងមករូបគេបានស្នាក់នៅធ្វើការក្នុងកោះពេជ្យទេ ប៉ុន្តែនៅមុនថ្ងៃចូលឆ្នាំចិន បានមកយាមនៅទីតាំងខាងលើបណ្ដោះអាសន្ន ដោយសារតែអ្នកយាមបានទៅលេងស្រុក មុននឹងមកចងកសម្លាប់ខ្លួននៅទីតាំងនេះ។
ស្រ្តីខាងលើបានបន្ថែថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់បានឮក្មួយប្រុសរបស់គាត់ម្នាក់នេះ និយាយទូរស័ព្ទជាមួយម្ដាយរបស់គេ នៅឯស្រុកកំណើត ដោយប្រាប់ម្ដាយថា រូបគេបានស្រឡាញ់កូនក្រមុំអ្នកភូមិ ជាមួយគ្នាម្នាក់ ព្រមទាំងបានបង្ខំឲ្យម្ដាយចូលស្ដីដណ្ដឹងនាង ធ្វើជាប្រពន្ធទៀតផង។ ពេលនោះត្រូវបានម្ដាយប្រាប់ថា គាត់ក៏បានស៊ើបសួររួចហើយ ប៉ុន្តែគ្មានសង្ឃឹមទេ ព្រោះម្ដាយខាងស្រី មិនឲ្យទេគេនិយាយថា កូនគេនៅរៀន១ឆ្នាំទៀតទើបចប់។ ក្រោយមកគាត់មិនបានដឹងថា មានរឿងអ្វីផ្សេងទៀតទេ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញក្មួយចងក នៅក្នុងបង្គន់ស្លាប់បែបនេះ។
ប្រភពពីក្មេងប្រុសម្នាក់ បាននិយាយថា នៅមុនពេលកើតហេតុ រូបគេ និងជនរងគ្រោះ បានហូបបាយជាមួយគ្នាចានតែមួយ ហើយខណៈនោះជនរងគ្រោះ បានហូបបាយបណ្ដើរយំបណ្ដើរទៀតផង។ លុះហូបបាយរួចគាត់ បានសុំក្រដាស់សៀវភៅពីរូបគេ១សន្លឹក បន្ទាប់មកបានដើរ ទៅកាន់បង្គន់រួចក៏ស្រាប់តែបាត់រហូត មិនឃើញចេញមកវិញឡើយ។ ពេលនោះរូបគេ មានសង្ស័យក៏បានដើរទៅមើលឃើញក្មួយប្រុសចងកស្លាប់ បាត់ទៅហើយ៕
មតិយោបល់