ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់! ផឹកស្រវឹងជោកជាំ ដើរធ្លាក់ស្ទឹងលង់ទឹកស្លាប់ នៅស្រុកស្អាង

កណ្តាលៈ បុរសម្នាក់ស្រវឹងស្រាជោកជាំ ដើរធ្លាក់ស្ទឹងលង់ទឹកស្លាប់ ខណៈដែលបងប្អូននិងអ្នកភូមិដើររកប្រទះឃើញ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៦នឹង១០នាទី នៅចំណុចក្នុងស្ទឹងកូនជ្រែភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាម រុន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល។

សាក្សីបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៣នឹង៣០នាទី ជនរងគ្រោះបានផឹកស្រាស្រវឹងយ៉ាងជោកជាំបានដើរសំដៅទៅទិសខាងត្បូងបាត់ ដល់ម៉ោង៤រសៀល កូនប្រពន្ធនិងអ្នកភូមិ ដើររកមិនឃើញ ។លុះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ទើប មានអ្នកជិតខាងនិងប្រពន្ធកូនរកឃើញសព ឈ្មោះ ស៊ាម រុន អណ្ដែតក្នុងទឹកស្ទឹងកូនជ្រែ។

ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលជំនាញពិនិត្យហេតុស្រុក ប៉ុស្ដិ៍ បានសហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យលើសព មិនឃើញមានស្លាកស្នាមអ្វីគួអោយកត់សម្គាល់ឡើយ។

ក្រោយការពិនិត្យនឹងតាមការអះអាងពីប្រពន្ធនឹងអ្នកជិតខាងឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

ក្រោយពីពិនិត្យរួចសព បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់