ភ្នំពេញៈ បុរសជាភ្នាក់ងារចែកចាយវិក្កយប័ត្ររបស់អង្គភាពសាខាអគ្គិសនីចាក់អង្រែក្រោមម្នាក់ បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ខណៈដែលជិះម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿងបើកបត់ ហើយក៏ត្រូវរថយន្តស៊េរីទំនើ ម៉ាកឡង់គ្រីស័រមួយគ្រឿងបោះពួយ យ៉ាងលឿនមកបុកពេញទំហឹង និង កិនម៉ូតូជាប់ខាងក្រោមអូសចម្ងាយរហូតទៅដល់ជាង ៣០ម៉ែត្រនោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥ នាទីថ្ងៃត្រង់ ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨
នៅចំណុចផ្លូវ ៦០ ម៉ែត្រ កែងនិង ផ្លូវលេខ ៣០ម៉ែត្រ(ខាងមុខក្រុមហ៊ុនរថយន្តម៊ែសឺដែស) ភូមិទួលរកា ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ឌុក ស៊ីរ៉ូ អាយុ ៣៤ឆ្នាំ មុខងារភ្នាក់ងារចែកចាយវិក្កយប័ត្រ របស់អង្គភាពសាខាអគ្គិសនី ចាក់អង្រែ មានទីលំនៅក្នុងភូមិ ព្រៃពោធិ ឃុំ ឆ្មា ស្រុក រំដួល ខេត្តស្វាយរៀង។ ចំណែកឯអ្នកបើកបររថយន្តបង្ករមានឈ្មោះ ម៉ម សាវុធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត មានទីលំនៅផ្ទះផ្ទះលេខ ១២៥ ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកម្លាំងមានសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាក សង់កូរ៉េ ព៌ណក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1G-0660 មួយគ្រឿងតែម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ បុរសរងគ្រោះក៏បានបើកម៉ូតូបត់ឆ្វេងក្នុងគោលបំណងឡើងទៅលើជាតិផ្លូវលេខ ២នោះ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២AC-១១២២ មួយ គ្រឿង ដែលបើកបរដោយបុរសម្នាក់ខាងលើ ដោយមានដឹកចៅហ្វាយស្រីរបស់ខ្លួនម្នាក់ខាងក្នុងផងដែរនោះ បានបោះពួយក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសទិសគ្នាទៅបុកបុរសរងគ្រោះពេញទំហឹងបណ្តាលឲ្យខ្ទាតរងរបួស ត្រង់ក្បាល យ៉ាងធ្ងន់ធ្ងរ និង កិនជាប់ម៉ូតូខាងក្រោមអូសចម្ងាយជាង ៣០ ម៉ែត្រទើបឈប់។
ក្រោយពេលកើតហេតុ បុរសជាមន្ត្រីអគ្គិសនីរងគ្រោះត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនមួយឈ្មោះ សួគ៌ា មកដឹកយកទៅសង្គ្រោះហើយកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានធ្វើការវាស់វែងយករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័របង្ក និង ម៉ូតូម៉ាកសង់កូរ៉េរបស់ជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕
មតិយោបល់