ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញថា ដើម្បីអនុវត្តន៍នូវកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យកាន់តែមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅក្រសួងបានប្រឹងប្រែងយកចិត្តទុកដាក់ប្រែងក្លាយរដ្ឋបាលសាធារណៈឲ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍន៍ដែលអាចជឿទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងនោះក្រសួងសម្រេចលុបឈ្មោះមន្រ្តីរាជការអសកម្មចំនួន៦២រូបចេញពីមន្រ្តីរាជការ។
លោក ជា ចាន់ហេង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍធនធានមនុស្សនៃក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការរដ្ឋបាលទូទៅដែលបានធ្វើរយៈពេល៤ថ្ងៃគិតពីថ្ងៃទី១៤-១៧មិថុនានេះថា “ដើម្បីពង្រឹងវិន័យ និងការអនុវត្តវិធានការចំពោះមន្រ្តីរាជការអសកម្មឲ្យមានប្រសិទ្ធភាព ក្រសួងបានអនុវត្តន៍វិធានការដោយលុបឈ្មោះមន្រ្តីរាជការចំនួន៦២រូបស្មើនឹង៥,៧៥ភាគរយនៃមន្រ្តីរាជការសរុបក្នុងនោះទីស្តីការក្រសួងចំនួន៤៤រូបស្មើនឹង៧,៤៨ភាគរយនៃមន្រ្តីរាជការទីស្តីការក្រសួង មន្ទីរទេសចរណ៍រាជធានីខេត្ត ចំនួន១៨រូបស្មើនឹង៣,៦៨ភាគរយនៃមន្រ្តីរាជការមន្ទីរទេសចរណ៍”។ បានដាក់មន្រ្តីរាជការឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សរ៍សរុប៧១រូបស្មើនឹង៦,៥៩ភាគរយនៃមន្រ្តីរាជការសរុប ក្នុងនោះទីស្តីការក្រសួងចំនួន៤១រូប ស្មើនឹង ៦,៩៧ភាគរយនៃមន្រ្តី រាជការក្រសួង មន្ទីរទេសចរណ៍រាជធានី ខេត្ត៣០រូប ស្មើនឹង៦,១៣ភាគរយនៃមន្រ្តីរាជការមន្ទីរទេសចរណ៍៕
មតិយោបល់