សៀមរាបៈ មនុស្សប្រុសស្រីចំនួន៨នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍រថយន្តដឹកប្រេងបុករថយន្តកូរ៉េពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្តីទីស្រុកជីក្រែងបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តដឹកប្រេងក្រុមហ៊ុនសាវីម៉ិចបុកជាមួយរថយន្តកូរ៉េ បណ្ដាលឲ្យមនុស្សចំនួន៨នាក់រងរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្រី០៥នាក់។ ចំពោះអ្នករងរបួសធ្ងន់ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប។
លោកបានបន្តថា រថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនសាវីម៉ិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 4A-2177 បើកបរក្នុងទិសដៅពីលិចទៅទិសខាងកើត។ លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តកូរ៉េពណ៌សពាក់ស្លាកលេខសៀមរាប 2A-5480 ដែលដឹកមនុស្សមកពីធ្វើបុណ្យ បើកបរពីកើតទៅលិច។
បច្ចុប្បន្នរថយន្តទាំង២ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង រីឯអ្នកបើកបររថយន្តដឹកប្រេងសាំងបានរត់គេចខ្លួនបាត់៕
មតិយោបល់