នៅថ្ងៃទី១៦ មិថុនា នេះ អ្នកនាង ខាត់ សុឃីម បានបញ្ចេញវីដេអូឆ្លើយតបនឹងប្រតិកម្មរបស់ក្រុមគ្រូពេទ្យ បន្ទាប់ពីអ្នកនាងចែកចាយព័ត៌មានហួសចិត្តរបស់អ្នកលេងហ្វេសប៊ុកដែលបានចោទថា មន្ទីរពេទ្យមួយកន្លែងនៅខេត្តបាត់ដំបង មិនធ្វើចំណាត់ជួយសង្គ្រោះក្មេងលង់ទឹកម្នាក់ បណ្ដាលឲ្យស្លាប់ ហើយត្រូវបានក្រុមគ្រូពេទ្យ ដែលគេប៉ាន់ស្មានថា ជាអ្នកទទួលខុសត្រូវនៅទីនោះប្រតិកម្ម។
អ្នកនាងក៏បានឆ្លើយតបទៅកាន់ម្ចាស់ហ្វេសឈ្មោះ ដារី រតនា ដែលបានមាក់ងាយចំពោះអ្នកនាងតាមរយៈប្រតិកម្មធ្ងន់ ៗត្រលប់មកវិញផងដែរ បន្ទាប់ពីម្ចាស់ហ្វេសប៊ុកនេះបង្ហោះថា អ្នកនាងបញ្ចេញការរិះគន់ដល់ក្រុមគ្រូពេទ្យ គឺព្រោះតែចង់ល្បីក្រោយធ្លាក់កូដ និងជាការប្រមាថដល់គ្រូពេទ្យនោះ។
អ្នកនាង ខាត់ សុឃីម បានថ្លែងប្រាប់ Post News បន្ថែមពីលើការបង្ហោះវីដេអូថា អ្វីដែលអ្នកនាងបានចែកចាយ និងបញ្ចេញទស្សនៈពាក់ព័ន្ធនឹងក្មេងលង់ទឹកនៅខេត្តបាត់ដំបងនោះ គឺមិនមែន ដើម្បីទាក់ទាញប្រជាប្រិយភាព ឬចង់វាយប្រហារដល់ក្រុមគ្រូពេទ្យ ដែលខ្វះចំណាត់ការនោះទេ គឺអ្នកនាងគ្រាន់តែអំពាវនាវតាមអ្វី ដែលអ្នកលេងហ្វេសប៊ុកភាគច្រើនលើកឡើង ហើយក៏បានសម្ដែងការហួសចិត្តថា ហេតុអ្វីបានជាគ្រូពេទ្យនៅក្នុងស្ថាប័ននោះ មិនជួយក្មេងប្រុសលង់ទឹក ដែលឪពុកខំបញ្ជូនទៅយ៉ាងត្រដាបត្រដួស ដើម្បីឲ្យឪពុករបស់ក្មេងបានអស់ចិត្តផង។
អ្នកនាងបន្តថា គ្រូពេទ្យមួយចំនួនបានឆ្លើយតបមកកាន់អ្នកនាងថា មកពីក្មេងនោះបានស្លាប់តាំងពីមុនយកមក ទើបខាងមន្ទីរពេទ្យមិនធ្វើការអើពើ។ ប៉ុន្តែអ្នកនាងនៅតែយល់ថាក្នុងនាមជាស្ថាប័នពេទ្យមួយ មិនអាចសន្និដ្ឋានថា ស្លាប់ ដោយមិនមានការសង្គ្រោះបឋម និងពិនិត្យឲ្យអស់ពីលទ្ធភាពនោះទេ។
អ្នកនាងបានបន្ថែមទៀតថា ខ្លួនមិនបានវាយប្រហារទៅកាន់ពេទ្យទូទៅនោះទេ ហើយក៏មិនបានវាយប្រហារទៅកាន់មន្ទីរពេទ្យដែលស្ថិតនៅក្នុងករណីនោះដែរ គឺគ្រាន់តែបង្ហាញការហួសចិត្តដូចគ្នា នឹងអ្នកលេងហ្វេសប៊ុកភាគច្រើន និងបានសំណូមពរសុំឲ្យមានការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់ជនរងគ្រោះតែប៉ុណ្ណោះ។
ម្យ៉ាងទៀត អ្វីដែលអ្នកនាងបញ្ចេញមតិ គឺដោយសារតែមានគេបានទាក់ទងទៅកាន់គ្រួសារជនរងគ្រោះ ហើយត្រូវគ្រួសាររបស់ក្មេងបញ្ជាក់ថា ក្មេងនោះក្នុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ គឺមិនទាន់ដាច់ខ្យល់ស្លាប់ភ្លាមៗនោះទេ ប៉ុន្តែអាចមកពីភាពយឺតយ៉ាងក្នុងការសង្គ្រោះបឋម ទើបបណ្ដាលឲ្យក្មេងផុតដង្ហើម។
អ្នកនាងនិយាយថា “នាងចង់ឆ្លើយតបទៅបងប្អូនពេទ្យដែលប្រតិកម្មនាងថា នាងអត់មានមាក់ងាយពួកគាត់ទេ អ្វីដែលនាងនិយាយ គឺដូចអ្វីដែលអ្នកលេងហ្វេសប៊ុកគាត់សម្ដែងយោបល់អ៊ីចឹង ប៉ុន្តែបងប្អូនពេទ្យមួយចំនួន គាត់ចូលមក គាត់អត់មានវិភាគថា នាងនិយាយនឹងជាការអំពាវនាវ ឬជាការវាយប្រហារគាត់ទេ គឺគាត់មកវាយប្រហារនាងតែម្ដង សុទ្ធតែថា នាងចង់ល្បី នាងមើលងាយពេទ្យស្រុកខ្មែរ និងថា ហេតុផលដែលនាងប្រឹងធ្វើអ៊ីចឹង គឺដោយសារតែនាងញុំធ្លាក់កូដអត់មានអ្នកហៅច្រៀង ទើបខំចេញមុខចេញមាត់រិះគន់ពេទ្យ ឲ្យបានល្បីឡើងវិញ”។
អ្នកនាងបញ្ជាក់ថា នាងមិនបានចង់ល្បីព្រោះតែរឿងមួយនឹងនោះទេ ហើយការងារច្រៀងរាំរបស់នាង ក៏មិនមានធ្លាក់ចុះនោះដែរ ប៉ុន្តែមកពីអ្នកនាងមើលឃើញពីភាពហួសចិត្ត ទើបបញ្ចេញទស្សនៈខ្លះៗក្នុងនាមជាពលរដ្ឋម្នាក់។ អ្នកនាងស្នើឲ្យគ្រូពេទ្យ និងអ្នកគាំទ្រគ្រូពេទ្យបញ្ចប់ប្រតិកម្ម និងបញ្ចប់ការយល់ច្រលំថា អ្នកនាងប្រមាថពេទ្យ ឬមាក់ងាយពេទ្យ ដោយការពិត គឺអ្នកនាងគ្រាន់តែចង់សំណូមពរឲ្យផ្ដល់ការយកចិត្តទុកដាក់ដល់អ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់ឲ្យបានម៉ត់ចត់បំផុត ដើម្បីឲ្យគ្រួសាររបស់ជនរងគ្រោះបានអស់ចិត្តផង។
អ្នកនាងបញ្ជាក់ថែមទៀតថា ជីវិតរបស់មនុស្សមួយនាទី ឬមួយដង្ហើម គឺមានតម្លៃណាស់ ហើយអ្នកនាងក៏មិនដែលភ្លេចគុណពេទ្យដែលធ្លាប់ជួយសង្គ្រោះដល់ខ្លួន និងឪពុកខ្លួនដែរ គឺមិនបានបញ្ចេញអារម្មណ៍ហួសចិត្តម៉ៅដល់ពេទ្យទាំងអស់ ដូចអ្វីដែលអ្នកប្រតិកម្មបង្ហាញឡើងឡើយ។ អ្នកនាងបញ្ជាក់ថា គ្រួសាររបស់ក្មេងលង់ទឹកមានភាពកម្សត់ណាស់ ហើយអ្នកនាងក៏បានប្រមូលថវិកាបានមួយចំនួនយកទៅចូលបុណ្យ ដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារ នៅខេត្តបាត់ដំបងផងដែរ៕
មតិយោបល់