ព័ត៌មានជាតិ

រន្ធត់ណាស់លោកអើយ! រថយន្តស្ទូច ក្រុមហ៊ុន«នួន» បុកនិងកិនម៉ូតូ អូសមនុស្សជាប់ក្រោមកង់ ស្លាប់នៅនឹងកន្លែង!

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងជិះម៉ូតូ ហើយត្រូវបានរថយន្តធុនធំ បើកបុកនិងកិនអូសជាប់ក្រោមរថយន្ត កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្តុបណតប្រីត តាមបណ្តោយផ្លូវ២០០៤ កែងផ្លូវណតប្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្នោះ ឈិន សាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិព្រៃរុន ឃុំស្រងែ ស្រុកត្រាំង ខេត្តតាកែវ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1AN- 7983 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ (រថយន្តស្ទូច) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C- 1552 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងនិងកិនអូសជាប់មនុស្សនិងម៉ូតូនៅខាងក្រោមរថយន្តតែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនបាត់។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់