កណ្តាលៈ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីលួចមានស្ថានទម្ងន់ទោសឆក់ទូរសព្ទ។
ជនរងគ្រោះឈ្មោះ ឯ.ល.ណ ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនល្មើស២នាក់ ទី១ឈ្មោះ វី សារី ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ទិត ដាណា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិន
ពិតប្រាកដ។
វត្ថុតាងចាប់យក ម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1CZ-7932 (របស់ជនល្មើសជិះធ្វើកម្មភាព) ,ទូរសព្ទដៃ១គ្រឿង ម៉ាកNចុចពិល ពណ៌ក្រហម(របស់ជនល្មើស),ទូរសព្ទដៃ១គ្រឿង ម៉ាកiPhone6plus ពណ៌ខ្មៅ(របស់ជនរងគ្រោះ)។
មុនពេលកើតហេតុ នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូតែម្នាក់ឯងដោយដាក់ទូរសព្ទ នៅក្នុងឃ្លុបម៉ូតូខាងមុខជិះមកដល់កន្លែងកើតហេតុខាងលើ ពេលនោះស្រាប់ជនល្មើសទាំង២នាក់ខាងលើ បានជិះម៉ូតូតាមមកដោយជនល្មើសឈ្មោះ វី សារី អង្គុយខាងក្រោយជាអ្នកធ្វើសកម្មភាពឆក់ ហើយបានជិះគេចខ្លួន។ ភ្លាមនោះជនរងគ្រោះ ក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថា ចោរៗ រហូតដល់ស្តុបA៩ ជនរងគ្រោះតាមទាន់បុកពីក្រោយម៉ូតូជនល្មើស បណ្តាលដួលទាំងអស់គ្នា ធ្វើឲ្យជនរងគ្រោះ រងរបួសកែងដៃខាងឆ្វេងនិងជើងខាងស្តាំ។ ចំណែកឯម៉ូតូបែកក្បាំងកាទែ ពេលនោះដែរប្រជាពលរដ្ឋក៏ព្រួតគ្នាដេញចាប់និងវាយទៅលើជនល្មើសទាំង២នាក់ បន្ទាប់មកសមត្ថកិច្ចក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើសមកកាន់អធិការដ្ឋននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន៕
មតិយោបល់