ភ្នំពេញៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះបានបញ្ជូនខ្លួនស្ដ្រីម្នាក់ជាមេខ្លោងទទួលផលចោរកម្មម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ស្ដ្រីជនសង្ស័យមានឈ្មោះ ហម ធារ៉េត ហៅម៉ាប់ អាយុ៣១ឆ្នាំ មុខរបរ អ្នកទិញរបស់ចោរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយឡែកជនរងគ្រោះឈ្មោះ ប៉ាន់ បញ្ញាវុធ ភេទប្រុស អាយុ៣២ឆ្នាំ ជាម្ចាស់រថយន្ត ម៉ាកCRV ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
គួររំលឹកថា សមត្ថកិច្ចបាន ឃាត់ខ្លួនស្ត្រីជនសង្ស័យ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ចំណុចមុខផ្ទះ២៥បេ ផ្លូវ២១៧ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយមកសមត្ថកិច្ចឃាត់ខ្លួន បាននាំជនសង្ស័យ ទៅឆែកឆេរលំនៅដ្ឋាន មានទីតាំងស្ថិតផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដកហូតបានវត្ថុតាងរួមមាន៖
រថយន្ត ម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2I-4618 (ពាក់ស្លាកលេខក្លែងភ្នំពេញ 2Y-3326) ចំនួន ១គ្រឿង, ស្លាកលេខម៉ូតូ ចំនួន៤បន្ទះ (ភ្នំពេញ 1FJ-2545,កំពង់ចាម 1Q-9522,កំពត 1F-0840 និងភ្នំពេញ 1FJ-3862) , ប័ណ្ណសម្គាល់យានយន្តចំនួន ៦សន្លឹក , អត្តសញ្ញាណប័ណ្ណ ជនជាតិខ្មែរ ឈ្មោះ ឡៃ ផាន់ទឹក ចំនួន ១សន្លឹក , កូនសោសម្រាប់ដោះម៉ូតូ មួយចំនួន និងកូនសោឈុត ចំនួន១២ ឈុត , គ្រឿងបន្លាស់ម៉ូតូ មួយចំនួន , ម៉ារ៉ាវេន ម៉ូតូចំនួន ១១ , កញ្ចក់ម៉ូតូចំនួន ១៣គូ , កូនសោចាក់ម៉ូតូចំនួន ១៣គ្រាប់ , គម្របស៊ីម៉ាំងម៉ូតូចំនួន ១៣ និងសន្ទះកែបម៉ូតូចំនួន ០៤បន្ទះ៕
https://youtu.be/1gDTRzUmVD4
មតិយោបល់