ក្រុមមន្ត្រីគយតូចតាចនៅខេត្តសៀមរាបដែលពុំសូវបានផលប្រយោជន៍អីចូលហោប៉ៅបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឱ្យដឹងថា លោក សុខ សុដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប កំពុងតែកាក់កបខ្លាំងណាស់រឿងប្រព្រឹទ្ធអំពើពុករលួយ រឿងសេវាក្រោមតុ រឿងឃុបឃិតជាមួយឈ្មួញនាំទំនិញគេចពន្ធគ្រប់ប្រភេទដែលនាំចូលតាមច្រកព្រំដែនប៉ោយប៉ែត ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ច្រកជាំស្រងាំ ខេត្តឧត្ដរមានជ័យ ហើយយកមកស្តុកទុក និងចែកចាយក្នុងខេត្តសៀមរាប ហើយឈ្មួញដែលចង់រកស៊ីបានសុខត្រូវតែជួបនិយាយនឹងលោកមេប្រធានគយនេះ ជាមុនសិន ទើបមិនមានជួបបញ្ហាអ្វីដល់ពួកគេ។
ក្រុមមន្ត្រីគយតូចតាចទាំងនោះបានខ្សឹបមកប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថា រាល់ទំនិញដែលគេចពន្ធនឹងបង់ពន្ធមិនគ្រប់មានដូចជាគ្រឿងសំណង់ គ្រឿងកំប៉ុង ប្រេងសាំង។ល។ ដែលឈ្មួញនាំឆ្លងមកពីខេត្តផ្សេងៗមកខេត្តសៀមរាបរាល់ៗថ្ងៃនេះ វាគឺជាប្រភពចំណូលដែលមិនចេះ រីងស្ងួតរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាបនឹងបក្ខពួកមួយក្តាប់តូច។
ប្រភពពីក្រុមមន្ត្រីតូចតាចទាំងនោះនៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា លោក សុខ សុដារ៉ា នឹងក្រុមឈ្មួញប្រៀបដូចជាប្អូនទៅហើយ អ៊ីចឹងហើយបានជាលោក មិនដែលចាត់វិធានការបង្ក្រាបទំនិញគេចពន្ធម្តងណាឡើយ ហើយគិតតែពីរឿងប្រមូលផលប្រយោជន៍យកធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល ជាមួយនឹងបក្ខពួកជំនិតៗរបស់គាត់។
ក្រុមមន្ត្រីគយដដែលបានខ្សឹបបង្ហើបឲ្យដឹងទៀតថា ឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬ ទំនិញខុសច្បាប់ យកមកចែកចាយលើទីផ្សារក្នុងខេត្តសៀមរាប ត្រូវមានទំនាក់ទំនងឱនលំទោនសុំការយោគយល់និយាយចរចាជាមុនជាមួយ លោក សុខ សុដារ៉ា ទើបពួកគេគ្មានការរំខានពីក្រុមមន្ត្រីគយជំនិតៗរបស់លោកសុខ សុដារ៉ា។
ក្រុមមន្ត្រីគយទាំងនោះបានបញ្ជាក់ប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថា លោក សុខ សុដារ៉ា បានដឹងយ៉ាងច្បាស់អំពីអត្តសញ្ញាណឈ្មួញដែលនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហើយចាត់ទុកឈ្មួញទាំងនោះជាមិត្តភ័ក្រល្អនិងជា ប្រភពចំណូលដ៏សំខាន់របស់ខ្លួន។
មន្ត្រីគយតូចតាចក្នុងខេត្តសៀមរាបនៅបានខ្សឹបទៀតថា ទំនិញគេចពន្ធនាំចូលពីប្រទេសសៀមតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប យកទៅចែកចាយនៅខេត្តដទៃទៀតនោះ នៅខណៈពួកគេចេញបង្ក្រាបលើទំនិញទាំងនោះត្រូវពួកក្រុមឈ្មួញទាំងនោះតបមកពួកគេវិញថាមិនបាច់ចាប់អីទេយកតែលុយថ្លៃបាយទឹក លុយសាំងបានហើយ ព្រោះ ពួកគេបាននិយាយជាមួយលោក សុខ សុដារ៉ា រួចហើយ។ អ៊ីចឹងហើយបានជា លោកប្រធាន មិនដែលបញ្ជារឱ្យពួកគេចុះបង្ក្រាបប្រមូលចំណូលពន្ធជូនរដ្ឋឲ្យស្របទៅតាមគោលការណ៍កែទម្រង់ស៊ីជម្រៅរបស់ស្ថាប័នគយនោះទេ។
ផ្ទុយទៅវិញលោក សុខ សុដារ៉ា បានបញ្ជាឲ្យកូនចៅក្រោមឱវាទដើរប្រមូលលុយពីឈ្មួញដែលដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហើយយកមកចែកគ្នាធ្វើមានធ្វើបានយ៉ាងរីករាយ។ ដែលសកម្មភាពរបស់លោក សុខ សុដារ៉ា និងបក្ខពួកនេះ ធ្វើឱ្យក្នុងមួយខែៗទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់នៅក្នុងខេត្តសៀមរាបខាតបង់ចំណូលពន្ធជួនរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយប្រាក់ដែលរដ្ឋបាត់បង់នោះ បានធ្លាក់ទៅចូលហោប៉ៅលោកប្រធានគយខេត្តសៀមរាបនឹងបក្ខពួកមួយក្តាប់តូច៕

មតិយោបល់