ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសហាមឃាត់ដាច់ខាត ការលក់ឱសថនៅក្នុងមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល គ្លីនិក បន្ទប់ពិគ្រោះជំងឺ ថែទាំអ្នកជំងឺ ដើម្បីធ្វើការពង្រឹងការប្រើប្រាស់ឱសថឲ្យបានសមស្រប។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា បានឲ្យដឹងថា នៅក្នុងកម្មវត្ថុនៃសេចក្តីប្រកាសនេះ បានស្នើឲ្យក្រុមគ្រូពេទ្យ ដែលជាម្ចាស់កន្លែងវេជ្ជសាស្រ្តឯកជន ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា៖ មន្ទីរពេទ្យឯកជន មន្ទីរពេទ្យពហុព្យាបាល មន្ទីរសម្រាកព្យាបាល គ្លីនិក បន្ទប់ពិគ្រោះជំងឺ ថែទាំជំងឺ និងការលក់ឱសថនៅតាមឱសថស្ថានរង ត្រូវលក់តាមវេជ្ជបញ្ជាចំពោះ ឱសថដែលត្រូវ ប្រើតាមវេជ្ជបញ្ជា។
ក្រសួងសុខាភិបាលបានសង្កេតឃើញថា៖ សព្វថ្ងៃនេះមន្ទីរពេទ្យឯកជនទាំងនោះ មានដាក់ទូតាំងលក់ឱសថ ដូចឱសថស្ថានដែរ ដែលកំពុងមានឱសថការី ទទួលបន្ទុកបច្ចេកទេស ហើយការចេញវេជ្ជបញ្ជា សរសេរឈ្មោះឱសថមិនច្បាស់លាស់ និងពេញលេញ( វេជ្ជបញ្ជាសម្រាប់តែសេវារបស់គាត់)។ ចំណែកឯឱសថស្ថាន ឱសថស្ថានរងមួយចំនួនទៀត បានលក់ឱសថផ្សំខ្លួនឯង ដោយគ្មានវេជ្ជបញ្ជា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានចេញប្រកាសជាដំណឹងទៅកាន់អស់លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការី អាជីវករលក់ឱសថ និងម្ចាស់ផ្តល់សេវាវេជ្ជសាស្រ្តឯកជនទាំងអស់ ឲ្យបានដឹងច្បាស់ពីករណីខាងលើនេះ ដើម្បីអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងពង្រឹងការប្រើប្រាស់ឱសថឲ្យបានសមស្រប ព្រមទាំងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈក្រសួងសុខាភិបាលហាមឃាត់ដាច់ខាតការលក់ឱសថ ក្នុងមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល គ្លីនិក បន្ទប់ពិគ្រោះជំងឺ ថែទាំជំងឺ ក្នុងករណីគ្មានអ្នកបច្ចេកទេសទទួលបន្ទុកឱសថ។
ចំពោះឱសថស្ថាន ឱសថស្ថានរងទាំងអស់ត្រូវលក់ឱសថតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ តាមលក្ខណៈ បច្ចេកទេស។ ម្ស៉ាងទៀតលោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ ត្រូវចេញវេជ្ជបញ្ជា តាមប្រពន្ធ័កុំព្យូទ័រឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ជូនអ្នកជំងឺ ហើយអ្នកជំងឺកាន់វេជ្ជបញ្ជានេះមកឱសថស្ថាន រឺឱសថស្ថានរង។
ចំពោះអ្នកលក់និងអ្នកចែកចាយឱសថ នៅក្នុងឱសថស្ថាន ឱសថស្ថានរង ត្រូវវេចខ្ចប់ឱសថឲ្យបានសមស្របតាមគោលការណ៍អនុវត្តល្អ ក្នុងឱសថស្ថាន។ អ្នកលក់ឱសថនៅក្នុងឱសថស្ថាន ឱសថស្ថានរង មានសិទ្ធលក់ឱសថប្រភេទគ្មានវេជ្ជបញ្ជា ចំណែកឯឱសថការីមានសិទ្ធលក់ឱសថមួយចំនួនទៀត តាមការកំណត់របស់ក្រសួងសុខាភិបាលលើសពីអ្នកលក់ឱសថ៕

មតិយោបល់