ព័ត៌មានជាតិ

អាណិតណាស់! ប្រាប់ប្រពន្ធនិងកូនថា«មិនបាច់មើលអញទៀតទេ នាំតែអស់លុយទេ»ស្រាប់តែ…

កណ្តាលៈ មានករណីបុរសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូន ដោយតូចចិត្តមានជំងឺ​ប្រចាំកាយ មើលមិនជា។
ហេតុការណ៍កើតឡើងនៅថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី នៅចំណុចបន្ទប់ក្រោមផ្ទះជនរងគ្រោះស្ថិតនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស្រ៊ិ ស្រ៊ន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។

តាមសម្តីរៀបរាប់របស់ឈ្មោះ ប៉ៃ ស្រ៊ិន ត្រូវជាប្រពន្ធជនរងគោះ បានប្រាប់ សមត្ថកិច្ចប៉ុស្តិ៍ព្រែកអំបិលថា ប្តីរបស់គាត់មានជំងឺប្រចាំកាយ (រោគថ្លើម) ជាច្រើនឆ្នាំកន្លងមកហើយ ជនរងគ្រោះតែងតែនិយាយប្រាប់ ប្រពន្ធកូនបងប្អូនថា «មិនបាច់មើលអញទៀតទេ នាំតែអស់លុយទេ» លុះវេលាម៉ោង១១និង៣០នាទី ឈ្មោះ ប៉ៃ ស្រ៊ិន មកពីចំការវិញដើរចូលក្នុងបន្ទប់ក្រោមផ្ទះ ក៏ឃើញប្តីយកក្រម៉ា ពណ៌ក្រហមចងកស្លាប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញពិនិត្យហេតុស្រុក ប៉ុស្តិ៍ បានសហការជាមួយ ក្រុមប្រឹក្សាឃុំមេភូមិ ធ្វើការពិនិត្យលើសព មិនឃើញមានស្លាកស្នាមអី្វគួរឲ្យកត់សម្គាល់ ក្រៅពីស្នាមជាំនៅកដែលជាកន្លែងចងឡើយ គឺជនរងគ្រោះស្លាប់ ដោយសារចងកពិតប្រាកដមែន។
ក្រោយពីពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់