ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីលួចខោខ្លីក្នុងរោងចក្រ!

កណ្តាល: កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានបង្រា្កបករណីលួចដោយមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង១២និង៤១នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចរោងចក្រដាលី ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ពាក់ព័ន្ធនឹងករណីខាងលើ ជនសង្ស័យមានគ្នាច្រើននាក់ មិនបានស្គាល់អត្តសញ្ញាណច្បាស់ បានធ្វើសកម្មភាពឡើងគាស់ដំបូលរោងចក្រ ចូលទៅលួចយកអីវ៉ាន់(ខោខ្លី) ដែលបានទុកក្នុងស្តុកអស់ជាច្រើន។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបុគ្គលិករោងចក្រធ្វើការត្រួតពិនិត្យឃើញថាមានបាត់ខោខ្លីអស់ជាច្រើន រួចបានមកដាក់ពាក្យបណ្តឹងក្នុងមូលដ្នានកងរាជអាវុធហត្ថស្រុកអង្គស្នួលភ្លាមៗតែម្តង។
ដែលដើមបណ្តឹងមានឈ្មោះ អេណា(Ana) ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិចិន ជាបុគ្គលិកនិងជាតំណាងរោងចក្រ។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនិងស្រុក ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់បន្ថែមទៀតជាបន្តបន្ទាប់ នាំយកមកអង្គភាពដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យទាំង៥នាក់ដែលត្រូវបានឃាត់ខ្លួន រួមមានទី១ឈ្មោះ ទុំ ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងកន្ទួត ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី២ឈ្មោះ ផន ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់ភូមិឃុំកើតហេតុខាងលើ ទី៣ឈ្មោះ អោម វណ្ណដេត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងរោងចក្រកើតហេតុខាងលើ។ ទី៤ឈ្មោះ ដួង ដារិទ្ទ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ទី៥ឈ្មោះ សាន សាត ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ទាំង៥នាក់គឺជាសន្តិសុខឯកជន យាមក្នុងគោលដៅរោងចក្រកើតហេតុ។

ទ្រព្យសម្បត្តិត្រូវបានបាត់បង់ រួមមាន ខោទ្រនាប់បុរស ពណ៌លឿង ចំនួ ១៧.៨០០ខោ និងវត្ថុតាងដកហូតរួមមានខោទ្រនាប់បុរសពណ៌លឿង ចំនួន២ខោ(បន្សល់ទុកនៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុ ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល កាលពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧៕

មតិយោបល់