ភ្នំពេញ: ម៉ូតូសណ្ដោងរ៉ឺម៉កដឹកទ្វារ ១គ្រឿង បានបើកបរបញ្រ្ចាសទិសចរាចរណ៍ ហើយបានជ្រុលទៅកៀររថយន្ត LX570 មួយគ្រឿង ដែលកំពុងបើកបរក្នុងទិសដៅអាទិភាពផ្លូវរបស់ខ្លួន បណ្ដាលឲ្យរថយន្តនោះរងការខូចខាតកាងមុខ និងមិនមានមនុស្សរងរបួសឡើយ បន្ទាប់មកភាគីទាំង២សម្របសម្រួលគ្នាដោយភាគីខាងរ៉ឺម៉កចេញថ្លៃជួសជុល។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង០០ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-7156 បានបើកបបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចចេញពីផ្លូវបេតុង ឡើងលើមហាវិថីឈ្នះឈ្នះ រួចបត់ស្ដាំ លុះដល់ត្រង់ចំណុចកើតហតុ ស្រាប់តែមានម៉ូតូសណ្ដោងរ៉ឺម៉កដឹកទ្វារ ១គ្រឿង បើកបរក្នុងទិសដៅពីជើងទៅត្បូងបញ្រ្ចាសទិសចរាចរណ៍លើអាទិភាពផ្លូវរបស់រថយន្ត និងបានកៀររថយន្តនេះ បណ្ដាលឲ្យរងការខូចខាតកាងមុខតែម្ដង។
ក្រោយពេលកើតហេតុពុំមាននរណាគ្រោះថ្នាក់រងរបួសនោះឡើយ បន្ទាប់មកភាគីទាំង២សម្រប សម្រួលគ្នាបញ្ចប់រឿង ដោយខាងម៉ូតូសណ្ដោងរ៉ឺម៉កព្រមចេញសងថ្លៃជួសជុលរថយន្តខាងលើ៕
មតិយោបល់