(ភ្នំពេញ)៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបតែឡើងកាន់ថ្មី បានទទួលស្វាគមន៍ លោកស្រី Bu Jian Guo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។
លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នៅក្នុងជំនួប រវាង លោកស្រី Bu Jian Guo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបតែឡើងកាន់តំណែងថ្មី ដោយបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ជុំវិញការពង្រឹងទំនាក់ទំនងទ្វេរភាគី រវាងប្រទេសទាំងពីរ ក៏ដូចជា ការពិភាក្សាទៅលើបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ។
លោក ជុំ សុន្ទរី បន្តថា ក្នុងជំនួបនេះ ក៏បានពិភាក្សាគ្នា អំពីដំណើរទស្សនៈកិច្ច របស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន មកកាន់កម្ពុជា នាពេលខាងមុខ។
លោកបន្ថែមថា លោកស្រី Bu Jian Guo ក៏បានជម្រាបលោករដ្ឋមន្រ្តីថ្មី ពីការឆ្លើយបត នូវការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ដែលឱ្យភាគីចិន បញ្ចេញទឹកចូលមកទន្លេមេគង្គ ដើម្បីរួមចំណែកដោះស្រាយ ដល់ភាពរាំងស្ងួត ដែលកំពុងកើតមាន នៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេស មួយចំនួន។ តាមការស្នើសុំរបស់សម្តេចតេជោ ខាងរដ្ឋាភិបាលចិន បានសម្រេច បញ្ចេញទឹក ជាលើកទី៣ ចាប់ផ្តើមពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នេះ៕
មតិយោបល់