(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន និងលោក-លោកស្រីស្នងការរង នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប និមន្ដព្រះសង្ឃសូត្រមន្ដ និងរាប់បាត ដើម្បីលើករាសីទទួល ពរជ័យ ពីទេវតាឆ្នាំថ្មី ឆ្នាំវក និងបណ្ដេញឧបទ្រពចង្រៃ សុំសេចក្ដីសុខសប្បាយ ជូនដល់មន្ដ្រីកម្លាំងនគរបាល ទូទាំងខេត្ត ដែលកំពុងបំពេញការងារ ភារកិច្ច និងកតព្វកិច្ចសព្វថ្ងៃនេះ។
ពិធីនេះ ក៏ដើម្បីឧទ្ទិសកុលសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ កងកម្លាំងនគរបាលជាច្រើនរូប ដែលបានចែកឋានទៅកាន់លោកខាងមុខ ។
លោក អ៊ាវ ចំរើន បានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំមមែ ជិតឈានជើងចេញទៅហើយ ឆ្នាំវក និងឈានចូលមក គ្រប់គ្រងដែនដី មើលប្រជារាស្ដ្រ បន្ដជំនួសទេវតាឆ្នាំចាស់។ ដូច្នេះហើយ ទើបស្នងការដ្ឋាននគរបាលខេត្តកណ្តាល រៀបចំពិធីសូត្រមន្ដ ដើម្បីលើករាសី សុំពរជ័យពីទេវតាឆ្នាំថ្មី និងដេញឧបទ្រពចង្រែពីឆ្នាំចាស់ចេញឲ្យអស់ សុំសេចក្ដីសុខសប្បាយ ជូនដល់កងកម្លាំងនគរបាលទូរទាំងខេត្ត ដែលកំពុងខិតខំប្រឹងប្រែងបំពេញការងារ ភារកិច្ច និងកតព្វកិច្ចសព្វថ្ងៃនេះ។
លោកស្នងការ បានថ្លែងទៀតថា មួយផ្នែកទៀត ដើម្បីឧទ្ទិសកុលសផលបុណ្យ ជូនដល់ដល់វិញ្ញាណក្ខន្ធកងកម្លាំងនគរបាល ជាច្រើនរូប ដែលបានចែកឋាន ទៅកាន់លោកខាងមុខ។ ជាចុងក្រោយ លោក អ៊ាវ ចំរើន បានធ្វើការបួងសួងសុំឱ្យទេវតាឆ្នាំថ្មី ជួយថែរក្សាកងកម្លាំងនគរបាលទាំងអស់ និងប្រជារាស្ដ្រខ្មែរទូទាំងប្រទេស ឱ្យជួបតែសេចក្ដីសុខគ្រប់ៗគ្នា និងបញ្ជៀសឱ្យផុតពីគ្រោះមហន្ដរាយផ្សេងៗ នាំមកនូវតែសេចក្ដីសុខសប្បាយ៕
មតិយោបល់