កំពង់ធំៈ មានករណីអគ្គិភ័យបានឆាបឆេះ ផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទំហំ៧ម៉ែត្រ គុណ១១ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ផ្នែកក្រោមរៀបឥដ្ឋ ដែលមានម្ចាស់ឈ្មោះ ទឹម ឡូត ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង , ឆេះជង្រុកស្រូវទំហំ៤ម៉ែត្រ គុណ៤ម៉ែត្រ ស្មើចំនួន៤តោន និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត តែមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងរាលដាលដល់អ្នកជិតខាងនោះទេ។
ចំណែកមូលហេតុ បណ្តាលមកពីម្ចាស់ដុតភ្នក់ភ្លើងគោ រាលដាលដល់ពំនូកចំបើងនិងបន្តរាលដាលឆេះដល់ផ្ទះតែម្តង ដោយមានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៨ឡានស្មើនិង៤០ម៉ែត្រគូប ទើបរលត់ទៅវិញ៕
មតិយោបល់