ភ្នំពេញៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៨ នេះ បានបញ្ជូនខ្លួនចោរប្លន់ម្នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលជាចោរប្លន់មានឈ្មោះ ហូ ម៉េងហ័រ ហៅរដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរចោរ មានស្រុកកំណើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនសង្ស័យជាអ្នកទទួលផលចោរកម្មមានឈ្មោះ ម៉ាន អាស់ម៉ាត់ ហៅម៉ាប់ អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរ អ្នកទិញរបស់ចោរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននៅផ្ទះ ក្នុងភូមិថ្មី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ហូ ម៉េងហ័រ បានប្រើប្រាស់ អាវុធខ្លី ភ្ជង់ប្លន់បុគ្គលិក ហាង Wring Cafe មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយស្រែកគំរាមឲ្យបុគ្គលិកនោះអង្គុយចុះ។
ជនសង្ស័យបានប្លន់បាន៖
-លុយខ្មែរ ចំនួន ៤៨,៩០០រៀល
-ទូរសព្ទដៃ ម៉ាកសាំសុង ចំនួន១គ្រឿង
-និងម៉ូតូម៉ាក SH ចំនួន១គ្រឿង។
ក្រោយពីប្លន់រួចជនសង្ស័យ បានជិះម៉ូតូទៅខេត្តកំពង់ស្ពឺ ទៅលក់ឲ្យឈ្មោះ ម៉ាន អាស់ម៉ាត់ ហៅ ម៉ាប់ នៅឃុំអូរតាគី ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ៥០០ដុល្លារ ទើបត្រឡប់មកភ្នំពេញវិញ ទៅលាក់ខ្លួននៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ក្រោយមកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានសាកសួរជនសង្ស័យ និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ម៉ាន អាស់ម៉ាត់ ហៅ ម៉ាប់ ម្នាក់ទៀតដែលជាអ្នកទទួលផលចោរកម្ម និងបានដកហូតម៉ូតូដែលប្រគល់ជូនម្ចាស់ដើមវិញ។
សមត្ថកិច្ចឱ្យដឹងថា សំណុំរឿងនេះកំពុងស្ថិតនៅក្រោមចំណាត់ការរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់