ព័ត៌មានជាតិ

សេចក្តីបំភ្លឺព័ត៌មានរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមជម្រាបជូនសាធារណជនបណ្ដាញទំនាក់ទំនងសង្គមនូវសេចក្តីបំភ្លឺព័ត៌មានបឋមដូចខាងក្រោម ៖

ផ្អែកតាមមាត្រា៥៦ ការរៀបចំផ្ទុកទំនិញ ត្រូវអនុវត្ដដូចខាងក្រោម ៖

១-ការផ្ទុកទំនិញលើយានជំនិះត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារនឹង ៖

-ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬ ការធ្វើឲ្យខូចទ្រព្យសម្បត្ដិសាធារណៈ ឬ ឯកជនដោយការអូស ឬ ធ្លាក់តាមផ្លូវ

-ការបាំងភ្នែកអ្នកបើកបរ ឬ ការធ្វើឲ្យអន់ថយដល់លំនឹងយាន និងការបើកបរយាន

-ការបង្កឲ្យមានសំឡេង ឬ ការបង្កើនធូលី ឬ ការធ្វើឲ្យរំខានផ្សេងៗទៀតដែលអាចជៀសវាងបាន

-ការធ្វើឲ្យបាំងភ្លើងស្ដុបភ្លើងសញ្ញាប្ដូរទិសកញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ដ ។

២-គ្រប់ឧបករណ៍ការពារបន្ថែមដូចជាខ្សែនីឡុងខ្សែកាបច្រវាក់ និងកម្រាលសំពត់តង់ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬ ការពារទំនិញ ត្រូវគ្រប និងចងឲ្យបានជាប់ល្អ ។

៣-ក្នុងគ្រប់ករណី នៃការផ្ទុកវត្ថុផ្សេងៗដែលមានបណ្ដោយវែងបន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយ នៃយានប្រវែង៣(បី)ម៉ែត្រ ឬ ធ្លាក់អូសដីឡើយ ។

៤-ប្រសិនបើបន្ទុកត្រូវលូតហួស១(មួយ)ម៉ែត្រ ពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក ។ ទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយានហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានឡើយ លើកលែងតែរថយន្ដផ្ទុកមនុស្សចំនួនអតិបរមាត្រឹម២០(ម្ភៃ)នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម០,៥០(សូន្យក្បៀសហាសិប)ម៉ែត្រ ពីលើដំបូលនិងត្រូវមានជើងទម្រ ឬ រនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ ។

ប្រសិន​អ្នកបើកបរអនុវត្តផ្ទុយពីខ្លឹមសារនៃមាត្រា៥៦ សមត្ថកិច្ចអាច​ឃាត់ពិន័យ​ ពីបទល្មើសការផ្ទុកដោយពិន័យ ១៥០.០០០៛ ចំពោះរថយន្តធុនស្រាល និង៣០០.០០០៛ ចំពោះរថយន្តធុនធ្ងន់ ។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងចាត់វិធានការបន្តចំពោះករណីនេះ ៕

មតិយោបល់