ព័ត៌មានជាតិ

ប្រយត្ន័ផង! ជិះម៉ូតូចេញពីផ្សារ ត្រូវចោរឆក់កាបូបយកទៅបាត់!

ភ្នំពេញ: ប្តីប្រពន្ធមួយគូ រួមនឹងកូនប្រុសស្រី២នាក់ ជិះម៉ូតូ២គ្រឿងចេញពីផ្សារត្រឡប់ទៅផ្ទះ ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាហេឡូ អាមេរិចកាំង តាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុង សុខជា ភេទស្រី​ អាយុ៣៥ឆ្នាំ មុខរបរលក់ដូ ស្នាក់នៅម្តុំកើតហេតុខាង លើមានស្រុកកំណើតនៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទ្រព្យសម្បត្តិដែលត្រូវបង់បាត់ រួមមាន លុយខែ្មរជិត២លានរៀល និងទូសព្ទដៃម៉ាកIPhone 5 ចំនួន២គ្រឿង និងកាតគ្រីម៉ូតូវ៉េវចំនួន១សន្លឹកផងដែរ។

តាមសម្តីជនរងគ្រោះជាប្រពន្ធបានឲ្យដឹងថា មុនកើតរូបគាត់បានជិះម៉ូតូមួយគ្រឿង បានកូនស្រីម្នាក់ពីក្រោយ ចំណែកប្តីរបស់គាត់បានជិះមូតូមួយគ្រឿងដែលបានជិះឌុបកូនប្រុសម្នាក់នៅពីក្រោយ បានជិះចេញពីផ្ទះទៅទិញបន្លែនិងផ្លែឈើនៅផ្សារយូណាយ លុះបានទិញរួចរាល់ហើយនោះ ក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរទន្ទឹមគ្នា ទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជិតដល់ផ្ទះទៅហើយស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកហុងឌ្រីសង់ស៊េរី០៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកនីច ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខដូចគ្នា បានជិះមកពីក្រោយ បានធ្វើសកម្មភាពឆក់កាបូបដែលរូបគាត់ដាក់នៅលើរានម៉ូតូខាងមុខនិងដាក់បន្លែសង្កត់ពីលើកាបូបបានសម្រេចរួចនាំជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្តេឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់