ភ្នំពេញៈ ស្ត្រីម្នាក់ព្រមទាំងកូនតូចៗបានសម្រេចចិត្តរត់មកប្ដឹងសមត្ថកិច្ច ខណៈដែលពរពោះ៨ខែទៅហើយ ត្រូវបានប្តីវាយធ្វើទារុណកម្មរាងកាយ ចាប់បង្ខំរួមភេទ បើមិនឲ្យគឺវាយនិងច្របាច់ក ថែមទាំងសំពងនឹងស្បែកជើងក៏មាន។
ហេតុការណ៍នេះភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីដែលជាជនរងគ្រោះខាងលើ ឈ្មោះ ម.ស.ភ អាយុ៣៣ឆ្នាំ មុខរបរ ដើរបេះបន្លែលក់ មានស្រុកកំណើតខេត្តកំពង់ចាម។
ចំណែកលោកប្ដីនោះមាន ឈ្មោះ កង សំអាត អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់។
ស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ឲ្យដឹងថា ពួកគាត់បានរៀបការជាមួយគ្នា មានទទួលស្គាល់ពីចាស់ទុំសងខាងត្រឹមត្រូវ អស់រយៈពេលជិត១០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ មានកូន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ និងកំពុងមានផ្ទៃពោះ៨ខែជិតនឹងកើតទៅហើយ។ ប្តីរបស់គាត់ផឹកស៊ី ជក់គ្រឿងញៀនជាប្រចាំ ញឹកញាប់ពេកទៅហើយដែលប្តីតែងតែប្រើអំពើហិង្សា ទាំងរាងកាយ ទាំងផ្លូវចិត្ត ក្រោយពីប្តីវិលមកពីជក់ថ្នាំ ផឹកស៊ីវិញ ដោយបង្ខំរួមភេទទៅតាមចំណង់របស់លោកប្ដី ទោះជាដឹងថាខ្លួនមានផ្ទៃពោះជិតគ្រប់ខែទៅហើយក៏ដោយ។
តាមសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ ក្នុងផ្ទះនោះគឺបានរកឃើញសម្ភារៈដែលសម្រាប់ជក់គ្រឿងញៀនទៀតផង ដែលជនខាងលើលាក់ទុកនៅក្នុងផ្ទះ។
ស្ដ្រីដែលជាប្រពន្ធបានបញ្ជាក់ដែរថា ស្រីណាទ្រាំបានបើប្តីប្រើអំពើហិង្សា ចាប់បង្ខំដើម្បីរួមភេទ ទោះជាខ្លួនមានសុខភាពមិនល្អ និងកំពុងមានផ្ទៃពោះជិតនឹងកើតទៅហើយយ៉ាងនេះ ទើបទ្រាំលែងបានទើបសម្រេចចិត្តរត់ទៅប្តឹង ប្តឹងសមត្ថកិច្ចឲ្យចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕




មតិយោបល់