ព័ត៌មានជាតិ

កម្ពុជាទៅទស្សនៈកិច្ចរោងចក្រផលិតអគ្គិសនីដើរដោយថាមពលចំហេះសំរាម របស់ក្រុមហ៊ុន China Everbright International

ភ្នំពេញៈ ប្រតិភូបរិស្ថានកម្ពុជា បានអញ្ជើញទៅទស្សនារោងចក្រផលិតថាមពលអគ្គិសនី ដើរដោយថាមពលចំហេះសំរាម (Wast to Energy) របស់ក្រុមហ៊ុន China Everbright International នៅទីក្រុង Boluo ខេត្ត Guangtong ប្រទេសចិន។

នៅលើគេហទំព័រក្រសួងបរិស្ថានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ មានដំណើរទស្សនៈកិច្ចមួយរបស់គណៈប្រតិភូក្រសួងបរិស្ថានកម្ពុជា ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាដុតសំរាមបំលែងជាថាមពលផលិតអគ្គិសនី។ រោងចក្រនេះមានសក្ដានុពលអាចផលិតថាមពលអគ្គិសនីបាន១៥មេហ្កាវ៉ាត់ ដោយការដុតសំរាមចំនួន៧០០តោនក្នុងមួយថ្ងៃៗ។

បច្ចេកវិទ្យាដុតសំរាមបំលែងជាថាមពលផលិតអគ្គិសនីរបស់ប្រទេសចិននេះ រោងចក្រមានបំពាក់បច្ចេកវិទ្យាទំនើប សម្រាប់ទប់ស្កាត់ការបំពុលខ្យល់ក្នុងបរិយាកាស (កម្រិតស្តង់ដាEU) និងមានអាងប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ ចេញពីគំនរសំរាម ដែលអាចធានាបាននូវគុណភាពបរិស្ថានយ៉ាងល្អឥតខ្ចោះ។

ការបំពេញទស្សនៈកិច្ចរបស់ប្រតិភូនៅពេលនេះ ស្របពេលដែលកម្ពុជាកំពុងមានការប្រឈមនឹងបញ្ហាសំរាម ពិសេសកង្វះលទ្ធភាពក្នុងការកែច្នៃសំរាម ឲ្យទៅជាផលិតផល ដែលអាចប្រើប្រាស់វិញបាន លើពីនេះកម្ពុជាក៏មានបញ្ហាខ្វះកន្លែងស្តុកសំរាម ចំណេះដឹងពលរដ្ឋនៅមានកម្រិតលើការទុកដាក់សំរាម និងការញែកសំរាម។

សូមបញ្ជាក់ថា ធ្លាប់មានក្រុមហ៊ុនបរទេសមួយចំនួន បានមកធ្វើពិសោធន៍ និងបានជួបពិភាក្សាជាមួយអាជ្ញាធររាជធានីភ្នំពេញ លើបញ្ហាបង្កើតរោងចក្រកែច្នៃសំរាម ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅពុំទាន់ឃើញមានក្រុមហ៊ុនបរទេសណាមួយ បង្កើតរោងចក្រកែច្នៃសំរាមនៅកម្ពុជាបានឡើយ៕

photo_2016-06-06_15-41-30photo_2016-06-06_15-41-32

មតិយោបល់