ភ្នំពេញៈ បុរសជនជាតិអង់គ្លេសម្នាក់ បើកបររថយន្តហ្វត មួយគ្រឿង បោះពួយយ៉ាងលឿន ឡើងលើសួនច្បាររង្វង់មូលសម្ដេចសង្ឃជួន ណាត ទៅបុកបង្កាន់ដៃរូបនាគ បណ្ដាលឲ្យបាក់អស់ជាច្រើនកំណាត់ បង្កការភ្ញាក់ផ្អើលទាំងយប់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង២និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចរង្វង់មូលសម្ដេចសង្ឃ ជួន ណាត ស្ថិតតាមបណ្តោយផ្លូវស៊ីសុវត្ថិ ព្រំប្រទល់សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាប់នឹងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-6343 បើកបរដោយបុរសជាជនជាតិអង់គ្លេសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏បានគេចម៉ូតូមួយគ្រឿងដែលជិះបញ្ច្រាសទិសពីលិចទៅកើត រួចក៏រេចង្កូតឡើងលើសួនច្បារសម្ដេចសង្ឃជួនណាត ទៅបុកបង្កាន់ដៃរូបនាគពេញទំហឹង បណ្ដាលឲ្យបាក់អស់ជាច្រើនកំណាត់ និងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខនិងចំហៀងស្ដាំយ៉ាងដំណំ និងមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះមកកន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកធ្វើការវាស់វែង រួចទាក់ទងបន្តទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង មកស្ទូចយករថយន្តទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តមកដោះស្រាយការខូចខាតតាមផ្លូវច្បាប់ ៕
មតិយោបល់