ភ្នំពេញៈ យុវជន២នាក់ ត្រូវជាបងប្អូនជីដូនមួយ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ហូរឈាមតាមត្រចៀក កំពុងស្ថិតក្រោមការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីពួកគេ បានជិះម៉ូតូត្រឡប់មកពីជួបស្រីស្នេហ៍វិញ។
ដោយទ្បែកសមត្ថកិច្ច ក៏បានរកឃើញថ្នាំញៀនចំនួន២កញ្ចប់តូច និងលុយដុល្លារចំនួន៨០ដុល្លាផងដែរ នៅក្នុងកាបូបសាកសព។ ដែលជាការសនិ្នដ្ឋានថា ពួកគេទើបត្រឡប់ពីលក់ថ្នាំញៀនឲ្យគេនៅម្តុំណាមួយ មិនមែនត្រឡប់ពីជួបស្រីស្នេហ៍នោះទេ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ទល់មុខវត្តព្រៃព្រីង ស្ថិតក្នុងភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវជាម្តាយមីងសាកសព បាននិយាយថា មុនពេលកើតហេតុនេះ គឺក្មួយប្រុសគាត់ឈ្មោះ សេង អាយុ២៣ឆ្នាំ ជាងសំណង់ បានមកលេងផ្ទះរបស់គាត់ ហូបចុកផឹកស៊ីតិចតួច នៅផ្ទះគាត់ជាមួយនិងកូនប្រុសគាត់។ ស្រាប់តែក្រោយមកឮថា ក្មួយប្រុសខ្ចីម៉ូតូកូនគាត់ថា ទៅជួបសង្សាគេមួយភ្លែត ហើយក៏បានបបួលកូនប្រុសគាត់ទៅជាមួយផងដែរ។ កូនប្រុសគាត់ក៏បានប្រកែកមិនព្រមទៅទេ តែគេបបួលទៅទាល់បាន។ ស្ត្រីជាម្តាយមីងជនរងគ្រោះ បានបន្តថា មួយសន្ទុះក្រោយមក ទើបមានគេទូរស័ព្ទប្រាប់ថា អាសេង និងអាសួន កូនប្រុសគាត់ អាយុ១៨ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ហើយ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងដែរថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងនេះ ឌុបគ្នា២នាក់ ធ្វើដំណើរពីជើងមកយ៉ាងលឿន បានវ៉ាជែងគេឯងពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ មុខវត្តព្រៃព្រីងក៏បុករថយន្តសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យស្លាប់ភ្លាមម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តឃើញសភាពដូច្នោះ ក៏រត់គេចខ្លួនបាត់ទៅ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែង។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-2713 ធ្វើដំណើរពីជើងទៅត្បូង រីឯម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម (សង់ប៊ិច០១២) ពណ៌ខៀវ ពាក់ស្លាកលេខព្រៃវែង 1F-4001។
ក្រោយធ្វើការវាសវែងរួច រថយន្តត្រូវបានយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយសពវិញ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
https://www.youtube.com/watch?v=bamtXRdn9cc
មតិយោបល់