Post News Media ព័ត៌មានជាតិ ក្រុមបងតូចបងធ...

ក្រុមបងតូចបងធំពេលរាត្រីចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ក្រុមយុវជនទំនើងចំនួន១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីបានដេញវាយគ្នាតាមដងផ្លូវយ៉ាងអាណាធិបតេយ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥៥នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅខាងមុខកន្លែងលក់ផ្កាខាងមុខស្តុបឧកញា ម៉ុង រិទ្ធី ប្រមាណ១០០ម៉ែត្រ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការបកស្រាយពីសមត្ថកិច្ចអន្តរាគមន៍ខណ្ឌសែនសុខបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​កម្លាំងពួកគាត់បានជិះក្នុងមូលដ្ឋានដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើសផ្សេងៗដែលកើត​ឡើងដោយប្រការណាមួយ ។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញយុវជន២ក្រុម​ ដោយ១ក្រុមមានគ្នា៦នាក់ និង១ក្រុមទៀតមានគ្នា៤នាក់ ដែលភាគីទាំងសងខាងប្រដាប់​ដោយដំបង និងដុំថ្មបានដេញវាយគ្នាតាមដងផ្លូវយ៉ាងអាណាធិបតេយ្យ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានធ្វើការអន្តរាគមន៍ចាប់ឃាត់ខ្លួនយុវជនទាំង១០នាក់នោះភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបាននាំខ្លួនយុវជនទាំង១០នាក់ខាងលើទៅ​សួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕ ​