ព័ត៌មានជាតិ

កម្មពារទាន់ហន់! អាចោរមុខស្អាតម្នាក់ ឆក់គេមិនសម្រេច ដួលម៉ូតូបាក់ជើង!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ រងរបួសបាក់ជើងម្ខាង និងម្នាក់ទៀតគេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទពីបុរសម្នាក់ដែលជិះក្នុងរ៉ឺម៉កម៉ូតូឡាំប៉ាតា ហើយទាញទៅវិញទៅមកជាមួយជនរងគ្រោះ បណ្ដាលឲ្យម៉ូតូឡាំប៉ាតាក្រឡាប់ផ្ងារជើង និងម៉ូតូជនសង្ស័យដួលខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងមុខទីស្ដីការគណរដ្ឋមន្ត្រី តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីអ្នកបើកម៉ូតូឡាំប៉ាតា បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកជនរងគ្រោះគោលបំណងទៅផ្សាររាត្រី ដោយធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត។ ដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុម មាន៣ម៉ូតូ ក្នុងនោះមានម៉ូតូគ្រឿងម៉ាក ស៊ុយស៊ូគីលែត ពាក់ស្លាកលេខ ភ្នំពេញ 1GJ-1729 ដែលជិះគ្នា២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទពីភ្ញៀវដែលជិះខាងក្រោយគាត់ តែត្រូវជនរងគ្រោះទាញមកវិញប្រទាញប្រទង់គ្នាទៅវិញទៅមកបណ្ដាលអោយម៉ូតូឡាំប៉ាតាក្រឡាប់ផ្ងារជើង និងម៉ូតូជនសង្ស័យដួលរងរបួសបាក់ជើងម្នាក់និងម្នាក់រត់ឡើងម៉ូតូ២គ្រឿងទៀតជិះគេចខ្លួនបាត់។

ក្រោយកើតហេតុភ្លាមៗជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបកសាងសុំរឿងនៅពេលក្រោយ។ ចំណែកជនរងគ្រោះសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ ដើម្បីឲ្យសមត្ថកិច្ចធ្វើការទៅតាមផ្លូវច្បាប់៕

មតិយោបល់