ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! រថយន្តកុងតឺន័រ បុកម៉ូតូ ស្លាប់សិស្សនៃវិទ្យាល័យបែកចានម្នាក់ និង២នាក់ទៀតរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូឌុបគ្នា ហើយត្រូវបានរថយន្តកុងតឺន័រ បើកបុក កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅខាងលិចជញ្ជីងថ្លឹងរថយន្តចាស់ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ហេង រិទ្ធរាជ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សនៃវិទ្យាល័យបែកចាន ស្នាក់នៅភូមិបែកចានឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែក២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ (ស្លាកលេខដាច់បាត់) ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តកុងតឺន័រ សណ្តោងកន្ទុយដឹកដែកសរសៃ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5506 ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបានបុកម៉ូតូនិងកិន បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់២នាក់។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់