ព័ត៌មានជាតិ

ចេះតែមានហើយ! បុកគេហើយ បើករត់គេចយកមកផ្ញើនៅផ្សារសុវណ្ណា

​ភ្នំពេញ: រថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង ត្រូវកម្លាំងមានសមត្ថកិច្ចខណ្ឌមានជ័យ ចុះមកធ្វើការដកហូតពីក្នុងចំណតរថយន្តក្រោម
ដីនៅផ្សារសុវណ្ណា ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ក្រោយពីរថយន្តមួយគ្រឿងនេះបានបុកបុរសអ្នកលក់ដូងម្នាក់ បណ្តាលឱ្យរងរបួសជើង ហើយបើករត់គេចយកមកលាក់ទុកនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៨ នៅចំណតក្រោមដីផ្សារសុវណ្ណា ដែលស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តមួយគ្រឿងដែលត្រូវមកធ្វើការដកហូតនេះមានម៉ាក កាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2F-4122 ក្រោយពីបង្ករគ្រឿថ្នាក់ចរាចរណ៍បុកបុរសអ្នកលក់ដូងម្នាក់ឲ្យរងរបួសជើងទាំង២យ៉ាងធ្ងន់ធ្ងរនោះ។ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៨នេះ នៅចំណុចខាងមុខ ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នោះ គឺកើតមានគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តខាងលើបានបើកបុករសជាជនរងគ្រោះដែលកំពុងតែឈរលក់ ដូងឲ្យគេ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះបុរសម្នាក់ជាអ្នកបើកបររថយន្តបង្កនេះបានដឹកជន រងគ្រោះយកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ហើយបានដាក់ចោលរួចបើកឡានគេចខ្លួនបាត់ស្រមោល ដោយមិនទាន់នឹងដោះស្រាយគ្នាផងនោះ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសាររបស់បុរសអ្នកលក់ដូងរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ចខណ្ឌមានជ័យ និងធ្វើការស្រាវជ្រាវរកឃើញរថយន្តបង្កត្រូវបានម្ចាស់បើកយកមកផ្ញើចោលនៅក្នុងកន្លែងចតរថយន្តខាងក្រោមផ្សារសុវណ្ណា និង យកទោកាន់ខណ្ឌមានជ័យវិញ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាផងដែរ៕

មតិយោបល់