ព័ត៌មានជាតិ

ចូលលួចសម្ភារៈក្នុងមន្ទីរពេទ្យ ត្រូវសន្តិសុខ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ចូលលួចកាបូបលុយ និងទូរស័ព្ទពីរគ្រឿង ក្នុងមន្ទីរពេទ្យរុស្សី ត្រូវក្រុមសន្តិសុខមន្ទីរពេទ្យ ចាប់ប្រគល់ឲ្យសមត្ថកិច្ច យកមកសួរនាំ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យរុស្សី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ជនរងគ្រោះចំនួនពីរនាក់ ទី១ឈ្មោះ កែវ សុផល ភេទស្រី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ជាម្ចាស់កាបូបលុយ បាត់លុយអស់២០ម៉ឺន និងទី២ឈ្មោះ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅគីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ជាម្ចាស់ទូរស័ព្ទពីរគ្រឿង។

ប្រភពពីជនរងគ្រោះទាំងពីរ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបានមកមើលថែជំងឺបងប្អូន ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ហើយដោយយប់ជ្រៅពួកគេ បានសម្រាកដោយទុកកាបូបលុយ និងទូរស័ព្ទនៅក្បែខ្លួន។ ក្រោយមកស្រាប់តែឮសន្តិសុខដើរ មកសួរថា មានបាត់សម្ភារៈអីឬអត់ ពេលឮដូច្នោះ ក៏រកមើលទើបដឹងថាបាត់របស់។

ដោយទ្បែកប្រភពព័ត៌មានពីក្រុមសន្តិសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ បានឃើញជនសង្ស័យម្នាក់ ដើរអើតតាមបន្ទប់អ្នកជំងឺគ្រប់បន្ទប់ និងមានស្ពាយកាបូប ដោយមានការសង្ស័យ ទើបឃាត់សួរនាំ និងហៅអ្នកនៅក្នុងបន្ទប់ មកសួរទើបដឹងថា ជនសង្ស័យបានលួចកាបូប និងទូរស័ព្ទជនរងគ្រោះ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ក្រុមសន្តិសុខបានដកហូតម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ1GZ-0385 និងរាយការណ៍ទៅសមត្ថកិច្ច ដើម្បីយកជនសង្ស័យ ទៅសួរនាំ និងកសាងសុំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់