ព័ត៌មានជាតិ

រត់ឡើងលើ អាលីវលើ ក្នុងបំណងឡើងទៅចាប់ហ្វ្រាំង តែបែរជាបែកក្បាលស្លាប់

ពោធិ៍សាត់ៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ បានរត់ឡើងលើ អាលីវលើ ក្នុងបំណងឡើងទៅចាប់ហ្វ្រាំង តែបែរជាផ្លាតជើងដួលចូលកង់ក្រោយ បែកក្បាលស្លាប់ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១និង២នាទីរសៀល នៅចំណុចអា៤ គីឡូម៉ែត១៥៧ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុង សាវឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កម្មករតៃកុងអាលីវលើ រស់នៅស្រុកកំណើត ភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ ជនរងគ្រោះបានឈប់ អាលីវលើ ដាក់ប៉ែលចុះជាប់នឹងថ្នល់កៅស៊ូ មិនបានចាប់ហ្វ្រាំងដៃ ហើយចុះទៅមើលអាឡូកិនដីនៅពីមុខចម្ងាយ៣៥ម៉ែត្រ ពេលនោះក៏ឃើញអាលីវលើរំកិលទៅមុខជនរងគ្រោះក៏រត់សំដៅមក អាលីវលើ គោលបំណងឡើងមកចាប់ហ្វ្រាំង តែក៏ត្រូវផ្លាតជើង ដួលចូលកង់ក្រោយរបស់អាលីវលើ បណ្តាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង៕

មតិយោបល់