ព័ត៌មានជាតិ

ប្រាប់ប្រពន្ធថា មិនស្រួលខ្លួន! ព្រឹកឡើងចងកស្លាប់ចោលប្រពន្ធនិងកូន..

ភ្នំពេញៈ បុរសម្នាក់បានដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងកសម្លាប់ខ្លួនស្លាប់យ៉ាងអណោចអាធម៌ នៅជាប់មេដំបូលតូបធ្វើម៉ូតូនៅមុខផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះមានឈ្មោះ ផៃ សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជួលជុលម៉ូតូ និងមានប្រពន្ធឈ្មោះ ទិត្យ សំបូរ អ្នកទាំង២រស់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ប្រពន្ធបានបបួលជនរងគ្រោះជាប្តីខាងលើទៅមើលល្ខោនបាសាក់នៅក្បែរផ្ទះ ប៉ុន្តែជនរងគ្រោះបានប្រកែកដោយសារខ្លួនមានជំងឺឈឺក្បាលនិងចុកពោះប្រចាំខ្លួនហើយនៅចាំផ្ទះ។

បន្ទាប់មកប្រពន្ធក៏នាំកូននិងម្តាយចេញទៅមើលល្ខោនបាត់រហូតដល់ម៉ោងប្រហែល៩និង៣០នាទីយប់ថ្ងៃដដែល ទើបត្រឡប់មកផ្ទះវិញហើយចូលសម្រាកជាមួយជនរងគ្រោះក្នុងផ្ទះលុះដល់ម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ប្រពន្ធក៏ភ្ញាក់ឡើងមិនឃើញជនរងគ្រោះនៅក្នុងផ្ទះក៏ដើរទៅរកជុំវិញផ្ទះនិងក្នុងតូបជួសជុលម៉ូតូក៏ឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងតូបជួសជុលម៉ូតូ ប្រពន្ធក៏ស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាងមកជួយកាត់ខ្សែនិងយកសពជនរងគ្រោះមកដំកល់លើគ្រែក្រោមសំយ៉ាបផ្ទះរបស់ខ្លួន។

ក្រោយកើតហេតុក្រុមគ្រួសារបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានក្រោយពីក្រុមគ្រួសាររាយការណ៍សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងបានទាក់ទងជំនាញឲ្យទៅពិនិត្យក្រោយពិនិត្យសមត្ថកិច្ចជំនាញបញ្ជាក់ថាសពពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែន៕

មតិយោបល់