នៅថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ «The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។
សណ្ឋាគារដ៏ទំនើបនេះ គឺបានចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជា ៤០លានដុល្លារក្នុងដំណាក់កាលទី ១ ដែលមានលក្ខណៈជាវីឡាចំនួន ៦៧ខ្នង (១៤៨បន្ទប់) ដែលបានបង្ហាញពីសក្ដានុពលទេសចរណ៍របស់ប្រទេសកម្ពុជា និងការរីកចម្រើននៃសេវាកម្មទេសចរណ៍លំដាប់អន្តរជាតិនៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះ។
សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយ ដែលបានអញ្ជើញមកកាន់កោះរ៉ុងជាលើកទី១នេះ និងមោទនភាពចំពោះការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ ៥ ដើម្បីបំពេញសេចក្តីត្រូវការ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដល់ក្រសួងជំនាញពាក់ព័ន្ឋទាំងអស់ គឺមិនអោយក្រុមហ៊ុនវិនិយោគសាងសង់ខ្ពស់ជាង ៣ជាន់ឡើយនៅតាមឆ្នេរកោះបែបនេះ ហើយសង្ឃឹមថា នឹងមានកោះជាច្រើនទៀត ដែលមានការវិនិយោគកើតឡើងជាបន្តបន្ទាប់ដូចកោះរ៉ុងនេះ។
សម្តេចតេជោ បញ្ជាក់ជាចុងក្រោយថា កោះរ៉ុង និងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជននោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់សិទ្ឋិជូនក្រុមហ៊ុន Royal Group ដើម្បីអភិវឌ្ឍន៍ក្នុងរយៈពេលសមស្របមួយ ដែលបានកំណត់ដោយអាជ្ញាប័ណ្ណវិនិយោគ៕

















មតិយោបល់