ភ្នំពេញៈ បុរសជាមេការសំណង់ម្នាក់ ក្រោយពីត្រឡប់មកពីធ្វើការបានផឹកស្រាថ្នាំអស់១លីត្រ២នាក់កូនជាង រួចឡើងទៅលើផ្ទះនិយាយប្រាប់ប្រពន្ធថាជួយមើលថែកូនស្រីទាំង២នាក់របស់គាត់ផងហើយចូលបន្ទប់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចំណុចបន្ទប់ឈើលើផ្ទះជនរងគ្រោះ ផ្លូវលំ ក្រុម១១ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សពមានឈ្មោះ សុខ វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមេការសំណង់ មានស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង។ ប្រពន្ធឈ្មោះ វ៉ន ស្រីមុំ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានកូនស្រី២នាក់កូនបងអាយុ៤ឆ្នាំកូនប្អូនអាយុ៤ខែ ទាំង៤នាក់ស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌ពីប្រពន្ធជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាព្រលប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ប្តីបានត្រឡប់មកពីធ្វើការសំណង់វិញបានទិញស្រាថ្នាំមួយលីត្រផឹកជាមួយកូនជាង ត្រូវជាពូជីដូនមួយរបស់នាងនៅផ្ទះគាត់ រហូតដល់ម៉ោង៨យប់ទើបត្រឡប់មកផ្ទះងូតទឹករួចហូបបាយហូបទឹករួចរាល់ហើយ។
នាងបានបន្តទៀតថាបន្ទាប់ពីហូបបាយហូបទឹកនៅខាងក្រោមផ្ទះរួចក៏បានឡើងលើផ្ទះដេកប្រលែងលេងជាមួយប្រពន្ធកូននៅមុខទូរទស្សន៍រហូតដល់ម៉ោង១១យប់ ហើយបានថើបរូបនាងមួយខ្សឺតរួចហើយយកដៃកាន់ក្បាលបាននិយាយទៅកាន់ប្រពន្ធថា(ជួយមើលថែកូនស្រីទាំង២នាក់របស់គាត់ផង)។ បន្ទាប់ពីនិយាយរួចបានសុំនាងទៅដេកក្នុងបន្ទប់ម្នាក់ឯងហើយក៏បានចូលទៅក្នុងបន្ទប់កើតហេតុចាក់គន្លឹះទ្វារបាត់ទៅដោយនាងមិនបានចាប់អារម្មណ៍ ព្រោះកន្លងមកប្តីរបស់នាងឲ្យតែត្រឡប់ពីផឹកស្រាតែងតែសុំនាងចូលដេកក្នុងបន្ទប់ដូចសព្វដង។
នាងបានបន្តទៀតថាលុះនៅព្រឹកកើតហេតុដោយរូបនាងមិនឃើញប្តីភ្ញាក់ក្រោកពីដំណេកទៅធ្វើការ នាងឆ្ងល់ក៏រុញទ្វារបន្ទប់និងស្រែកហៅដាស់ឲ្យប្តីក្រោកទៅធ្វើការតែទ្វារបន្ទប់ជាប់គន្លឹះខាងក្នុងមិនលឺឆ្លើយតបរួចរូបនាងបានស្រែកហៅក្មួយប្រុសៗនៅក្រោមផ្ទះឲ្យឡើងមកជួយដាស់។ ខណៈដែលក្មួយៗមកដល់បានអើតមើលតាមប្រហោងក្តារជញ្ជាំងឈើក៏ឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ រួចសមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកស្លាប់ប្រាកដមែន ហើយបានប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕
មតិយោបល់