កោះកុងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តឡិចស៊ីសនិងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់៥នាក់និងរបួស២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៤១.១៤២ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT ដែលមានរ៉ឺម៉កពោងប្រេងខាងក្រោយពាក់ស្លាកលេខ ភ្នំពេញ4A-1215 បើកបរទិសដៅពីភ្នំពេញ.ព្រះសីហនុ។
ចំណែករថយន្តLUXES៤៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2H 3679 បើកបរទិសដៅពីព្រះសីហនុ.ភ្នំពេញ បណ្តាលឲ្យផ្ទុះឆេះរថយន្តទាំង២គ្រឿង ជនរងគ្រោះចំនួន៥នាក់ស្លាប់ ក្នុងនោះមានប្រុស៣នាក់ ស្ត្រីម្នាក់និងកូនក្មេងម្នាក់ ភាគីខាងរថយន្តLUXES៤៧០ឆេះស្លាប់ទាំងអស់គ្នានៅនឹងកន្លែង(មិនទាន់ស្គាល់ឈ្មោះ អាយុនិងទីលំនៅ)។
ចំណែកខាងរថយន្តប្រេងរងរបួសធ្ងន់២នាក់ ទី១ឈ្មោះ ផាន វិបុល ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ មុខរបរបើកបរ រថយន្តដឹកប្រេង និងទី២ឈ្មោះ ផាន សុង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នា។
ចំពោះករណីនេះ ដោយសាររថយន្តLUXES៤៧០ មិនដឹងថាមានបញ្ហាបច្ចេកទេសអ្វីទេ បានរេចង្កូតចូលទៅគន្លងផ្លូវខាងរថយន្តប្រេងរួចក៏បុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យឆេះតែម្តង៕
មតិយោបល់