ភ្នំពេញៈ ក្រោយពីសាកសួរអស់ជាច្រើនម៉ោងរួចមក លោក សៀង សុខ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាម Telegram ថា លោកបានសម្រេចចោទប្រកាន់ លើលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមច្បាប់។
សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ដែលវាយកម្មកររើសអេដចាយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លន កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅគ្រាដែលលោកឧត្តមសេនីយ៍ ចូលខ្លួនទៅសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
គួររំឭកថា ជនសង្ស័យ ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បាន ប្រើអំពើហិង្សា ដោយយកកាំភ្លើងវាយ ក្បាលជនរងគ្រោះឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ កម្មកររើសអេដចាយ ព្រោះខឹងជនរងគ្រោះ មើលមុខរបស់ខ្លួន។
ករណីហិង្សានោះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅក្បែរអគារ ខុនដូ របស់ជនបង្ក មានទីតាំងស្ថិតនៅផ្លូវលេខ៣៦៨ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ ជនសង្ស័យ បានជិះរថយន្តស្ព័រ Chevrolet Camaro ពាក់ស្លាកលេខ ភ្នំពេញ 2AP-8989 ដោយរោទ៍សម្លេងខ្លាំងៗ ទើបជនរងគ្រោះ មើលមុខជនសង្ស័យដែលនៅក្នុងរថយន្ត។
ពេលឃើញកម្មករ មើលមុខ បែបនោះ ជនសងស្ស័យ បានបើករថយន្ត ត្រលប់មកវិញហើយ ក៏ចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លី ទំនើបមួយដើម ទៅវាយកម្មករនោះបែកក្បាលជាច្រើនថ្នេរតែម្តង។
យោងតាមសមត្ថកិច្ច បានឲ្យដឹងទៀតថា សំណុំរឿងនេះ ជនសង្ស័យលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានសងសំណងទៅជនរងគ្រោះចំនួន ៤០០០ដុល្លារ ដើម្បីឲ្យជនរងគ្រោះព្រមដកពាក្យបណ្តឹង ដើម្បីបើកផ្លូវឲ្យតុលាការមានហេតុផលសមរម្យមួយក្នុងការដោះលែង ជនសង្ស័យ មានងារជាឧត្តមសេនីយ៍ម្នាក់នេះឲ្យនៅក្រៅគុក៕
មតិយោបល់