Post News Media ព័ត៌មានជាតិ ចិនទៀតហើយ!! ប...

ចិនទៀតហើយ!! បុកលើកទី១តិចពេក បើកបុកលើកទី២ប៉ុនប៉ងសម្លាប់ តែមិនស្លាប់រងបួសធ្ងន់!

ភ្នំពេញ: បុរសជនជាតិចិន២នាក់ ស្រវឹងស្រា បើករថយន្តមួយគ្រឿងជ្រុលទៅបុកម៉ូតូរ៉ឺម៉កកង់បីពីក្រោយ បន្តិចបន្តួច ដោយខឹងនឹងម្ចាស់ម៉ូតូកង់បីមើលមុខ ក៏រយ៉ែរថយន្តថយក្រោយ រួចបើកទៅមុខបំបុកថែមទៀត បណ្តាលរ៉ឺម៉កម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងរបួសធ្ងន់។ រថយន្តបង្កព្យាយាមបើករត់គេចខ្លួន ជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវវៀចមួយកង់ ទើបបែកកង់មុខខាងឆ្វេង ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារទឹកថ្លា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1L-0733 ធ្វើដំណើរទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX៣០០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-0345 បើកបរដោយបុរសជនជាតិចិនស្រវឹងស្រា ២នាក់ ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នា បានជ្រុកចង្កូតទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយបន្តិចបន្តួច ខណ:នោះម្ចាស់រ៉ឺម៉កម៉ូតូកង់បី បានក្រឡែកមើលមុខ ធ្វើឲ្យជនជាតិចិនទាំងនោះ ខឹងរួមទាំងស្រវឹងស្រាធ្លាក់ភ្នែកផងនោះ បានរយ៉ែរថយន្តថយក្រោយ ប្រមាណជាង៣ម៉ែត្រ រួចបានបើកទៅមុខបំបុកថែមទៀត បណ្តាលឲ្យរ៉ឺម៉កម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង។ ចំណែកម្ចាស់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។
ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុបានប្រមាណជាង១០០ម៉ែត្រ បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវវៀចអស់១កង់ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅមុខបានប្រមាណជា៣០ម៉ែត្របែកកង់ខាងមុខខាងឆ្វេងទៅលែងរួច។

ភ្លាមនោះប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានចាប់ឃាត់ខ្លួនម្ចាស់រថយន្តបង្កនិងរថយន្តនៅនឹងកន្លែងហេតុផងដែរ តែសំណាងល្អកំុតែមានសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេលកំុអីជនបង្កច្បាស់ជាទ្រមខ្លួនជាមិនខាន។ចំណែករ៉ឺម៉កម៉ូតូកង់បីនិងរថយន្តខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងរ៉ឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕