ព័ត៌មានជាតិ

អាយស៊ីស៊ី អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៦ នៅសៀមរាម

ភ្នំពេញៈ គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៦ របស់ខ្លួននៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៦ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ លោក តាកាហ៊ីសា ស្សូហ្គាវា (Takahisa TSUGAWA) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និង លោកស្រី ប៉ាស្កាល់ តួកេ (Pascale TURQUET)ទីប្រឹក្សាផ្នែកសហប្រតិបត្តិការ និងកិច្ចការវប្បធម៌នៃស្ថានទូតបារាំង។

របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៦នេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងកិច្ចប្រជុំពេញអង្គលើកទី២២ អំពីកិច្ចការអភិរក្សជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ របាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្ស និងកិច្ចការស្រាវជ្រាវបុរាណវិទ្យា។ ជាមួយគ្នានេះ គម្រោងថ្មីៗនៅក្នុងរមណីយដ្ឋានអង្គរដូចជា ការបង្កើតក្រមប្រតិបត្តិសម្រាប់អ្នកស្រាវជ្រាវការរកឃើញឡស្លដែកសម័យបុរាណនៅសាលាក្រវ៉ាន់ ជាដើម ក៏នឹងត្រូវលើកពិភាក្សាផងដែរ។

គណៈកម្មាធិការអាយស៊ីស៊ីអង្គរ(ICC-Angkor)បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី(ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ជាសមាជិកដែរ។

អាយស៊ីស៊ី-អង្គររៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាពនៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ។ ចំណែកកិច្ចប្រជុំបច្ចេកទេស តែងធ្វើឡើងដើម្បីតាមដានការងារអនុវត្តអនុសាសន៍មុនៗ និងតាមដានរបាយការណ៍របស់ក្រុមជំនាញដែលកំពុងប្រតិបត្តិការលើការងារអភិរក្សជួសជុលក្នុងតំបន់អង្គរទាំងមូល៕

មតិយោបល់