ភ្នំពេញៈ យុវជនជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១ ចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាព លួចយកម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ខណៈដែលម្ចាស់បញ្ឈប់ចតទុកចោល ចាំដឹកម៉ូយដោយមិនបានដកសោចេញ ហើយទៅឈរជជែកគ្នាលេងនៅក្បែរនោះ បញ្ឆេះជិះយកចេញបានបន្តិចត្រូវបានម្ចាស់ឃើញទាន់ និង ស្រែកឆោឡោឡើង ភ្ញាក់ផ្អើលដល់កម្លាំងមានសម្ថកិច្ចជួយដេញចាប់បាននោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ២៤ (ខាងមុខសាលាសង្កាត់បឹងទំពុនទី១) ក្នុងសង្កាត់បឹង ទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានចាប់ឃាត់ខ្លួនមានឈ្មោះ ចឿម ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ មានមុខរបរ និង ទីលំនៅមិនពិតប្រកដ។ មុនពេលកើតហេតុ បុរសជាជនរងគ្រោះម្នាក់បានបើកយកម៉ូតូរ៉ឺម៉កកង់បីរបស់ខ្លួនយកទៅចតទុកចោលរង់ចាំដឹកម៉ូយនៅលើចិញ្ចើមផ្លូវ ខាងមុខសាលាសង្កាត់បឹងទំពុនទី១ ដោយមិនបានដក កូនសោចេញពីម៉ូតូឡើយ ហើយដើរទៅឈរជជែកគ្នាលេងជាមួយនិងអ្នកផ្សេងទៀតនៅក្បែរនោះឡើយ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះក៏ស្រាប់តែជនសង្ស័យម្នាក់ខាងលើមិនដឹងជាដើរមកពីទីណានោះទេ ដោយបានឃើញកូនសោនៅជាប់នឹងម៉ូតូក៏ឡើងកាច់សោបញ្ឆេះ និង ជិះរត់បានបន្តិចក៏ត្រូវបុរសជាម្ចាស់បានឃើញ ស្រែកឆោឡោឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងប៉ុស្តិ៍ដែលល្បាតនៅក្បែរនោះនាំគ្នាជួយដេញតាម និង ចាប់បានតែម្តង។
ក្រោយពេលកើតហេតុ ម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងនោះ ត្រូវបានធ្វើការប្រគល់ទៅឲ្យបុរសរងគ្រោះជាម្ចាស់វិញ ចំណែកឯយុវជនជាជនសង្ស័យក៏បាននាំមកកាន់នគរបាលប៉ុស្តិ៍បឹងទំពុនទី១ ដើម្បីធ្វើកំណត់ហេតុ និង បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់