ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តលាន់ដូចរន្ទះ ដេកស្អាតហ្មង!

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿនពេក ដល់ផ្លូវបែកជាបួនចាប់ហ្វ្រាំងមិនទាន់ជ្រុល ចង្កូតទៅបុករថយន្តមួយគ្រឿងពេញទំហឹង បណ្តាលដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោយមន្ទីរពេទ្យលោកសង្ឃ តាមបណ្តោយផ្លូវ២៦៥កែងនិងផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-1730 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥០ ទិសដៅពីលិចទៅកើត លុះផ្លូវបែកជាបួនកែងនិងផ្លូវ២៥៦ ចំណុចកើតហេតុខាងលើ ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥ ទិសដៅពីជើងទៅត្បូង ពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្ត មិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។ រីឯម៉ូតូរងកាខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់