ព័ត៌មានជាតិ

បាក់ស្រុតផ្ទះបើកភោជនីយដ្ឋានយីហោ “បឹងសំរោង” នៅសង្កាត់ព្រែកលៀប

ភ្នំពេញៈ សេចក្តីរាយការណ៍បឋមឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីផ្ទះបើកភោជនីយដ្ឋានមួយកន្លែងយីហោ “បឹងសំរោង” បានបាក់ស្រុតចុះក្រោម តែសំណាងល្អ មិនមានមនុស្សណាម្នាក់ បានរងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២១ មិថុនា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ប្រភពឲ្យដឹងថា ផ្ទះកើតហេតុខាងលើ គឺធ្វើអំពីថ្មជារបៀបវីឡាកូនកាត់ មានទំហំ៨ម៉ែត្រ គុណ១០ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ មាស ឆុន ជាមន្ត្រីយោធា។ នៅជិតផ្ទះកើតហេតុ គេឃើញមានសង់ជាតូបតូចក្បែរៗគ្នា សម្រាប់លក់ដូរផងដែរ។

ប្រភពបន្តថា ករណីនេះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចបណ្តាលមកពីពំនូកដីនៅខាងត្បូង ដែលផ្ទះអ្នកជិតខាងបានចាក់ក្បែរនោះ លុះពេលមានភ្លៀងធ្លាក់កាលពីម្សិលមិញ ទើបបណ្តាលឲ្យដីហៀរចូលកៀនផ្ទះធ្ងន់ស្រុតចុះក្រោមតែម្តង។ តែទោះបីជាយ៉ាងណាមូលហេតុណ៍ច្បាស់ គឺមិនទាន់កំណត់បានទេ ខណៈសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងឃើញខាងម្ចាស់ផ្ទះកំពុងរើអីវ៉ាន់ចេញផងដែរ។

មន្ត្រីជាន់ខ្ពស់សាលាខណ្ឌជ្រោយចង្វាបានបញ្ជាក់ថា ពិតជាមានការបាក់ស្រុតផ្ទះប្រជាពលរដ្ឋប្រាកដ​មែន ដោយមូលហេតុទំនងជាផ្ទះនោះមានគ្រិះមិនសូវរឹងមាំ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រៅពីសង្កាត់ព្រែកលៀប ក្នុងទឹកដីខណ្ឌជ្រោយចង្វានេះ នៅឯភូមិដើមគរ សង្កាត់ជ្រោយចង្វា ក៏មានផ្ទះប្រជាពលរដ្ឋប្រមាណជាជាង១០ខ្នងកំពុងប្រឈមមុខនឹងការបាក់ស្រុតផងដែរ៕

មតិយោបល់